
គ្រោះថ្នាក់ចរាចរណ៍ដ៏នេះ បានកើតមានឡើងនៅវេលាម៉ោង៩៖១៥នាទីយប់ ថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ន នៅលើកំណាត់មហាវិថីសម្ដេចតេជោ (ហៅផ្លូវ៦០ម៉ែត្រ) ត្រង់ចំណុចជិតព្រំប្រទល់សង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ថា មុនពេលកើតហេតុ គាត់មិនបានដឹងច្បាស់ថា ភាគីទាំងសងខាងធ្វើដំណើរមកពីណាខ្លះនោះទេ ព្រោះគ្រាន់តែលឺសូរប្រាវ គាត់ក៏រត់ចេញទៅមើល ឃើញម៉ូតូទាំងពីរគ្រឿង និងឃើញមនុស្សប្រុសស្រី៣នាក់ដេកស្ដូកស្ដឹងដួលនៅហ្នឹងកន្លែងកើតហេតុបាត់ហើយ ដោយឃើញភាគីខាងម៉ូតូ ម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FC-5378 ជិះឌុបគ្នាពីរនាក់(បុរសម្នាក់នារីម្នាក់) និងម្ខាងទៀតម្ចាស់ម៉ូតូជាបុរសម្នាក់ ធ្វើការសន្តិសុខក្រុមហ៊ុនឯកជន ជិះម៉ូតូធំម៉ាក YAMAHA XT ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GV-6048 ។
ដោយភាគីទាំងសងខាងបានផ្លោងបោកទៅនឹងថ្នល់ រងរបួសបែកក្បាលហូរឈាមទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុឈប់ឡានឈប់ម៉ូតូរួចចុះមកចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះមកដឹកយកអ្នករបួសទៅសង្គ្រោះផងដែរ។ បន្តិចក្រោយមកគេឃើញរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ បានមកដឹកជនរងគ្រោះទាំង៣នាក់ យកទៅសង្គ្រោះ ខណៈដែលបុរសដែលជាម្ចាស់ម៉ូតូ Wave មានស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត តែអកុសលគាត់ក៏បានដាច់ខ្យល់ស្លាប់ មុនទៅដល់មន្ទីរពេទ្យ លុះពេលទៅដល់ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ក៏បានពិនិត្យមើលដែរ តែជនរងគ្រោះបានស្លាប់ហើយ ទើបប្រគល់ឲ្យរថយន្តសង្គ្រោះគ្លីនិកហុងហាក់ដឹកយកមកកន្លែងកើតហេតុវិញ ដើម្បីរង់ចាំសមត្ថកិច្ច ធ្វើការស្រាវជ្រាប រកអត្តសញ្ញាណជនរងគ្រោះ ដើម្បីទាក់ទងរកសាច់ញាតិ យកទៅធ្វើបុណ្យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(សព)ឈ្មោះ ជ វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំជាង ក្រុម៣ ភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ និងសមត្ថកិច្ចផ្នែកវាស់វែងខណ្ឌមានជ័យ បានទាក់ទងទៅកាន់សាច់ញាតិរបស់ជនរងគ្រោះម្ចាស់ម៉ូតូ Wave ឲ្យមកដល់កន្លែងកើតហេតុ រួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ ទៅអោយសាច់ញាតិជនរងគ្រោះ ទទួលយកទៅធ្វើបុណ្យនៅខេត្តតាកែវ ។ ចំណែកម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែង និងយកម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយ ពេលក្រោយទៀត៕





