
ភ្នំពេញៈ បុរសម្នាក់ បានប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេច ខណៈកំពុងឈរសុខៗ ត្រូវក្រុមជនដៃដល់ ជិះម៉ូតូមកពីចម្ងាយ រួចចុះកាប់ចំនួន២កាំបិត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦៖៣០នាទីព្រលប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងការដ្ឋានសំណង់ចិន (ណានតុង ហ្សុងរ៉ាន់ ខនគ្រីត ខាមបូឌា ឯ-ក NANTONG ZHONGRUN CONCRETE (CAMBODIA) Co.ltd) ស្ថិតនៅតាមបណ្តោយផ្លូវ៣ស្ថាប័ន ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ រ៉ាន វៃ អាយុ៣០ឆ្នាំ មុខរបរសំណង់ផ្នែកជាងពុម្ព ស្នាក់នៅបណ្តោះអាសន្ននៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិសេរីអោ ឃុំក្រស់ ស្រុករមាសហែក ខេត្តស្វាយវៀង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរនៅ ក្បែរប៉ុស្តិ៍យាមរបស់ក្រុម សន្តិសុខឯកជនខាងមុខការដ្ឋានកើតហេតុខាងលើ ស្រាប់តែគេឃើញម៉ូតូ២គ្រឿង ជិះគ្នា៤នាក់ យ៉ាងលឿនមកឈប់ម៉ូតូ រួចរត់សំដៅទៅរកជនរងគ្រោះ ក្នុងនោះមានបុរសម្នាក់ ចុះមកកាន់ដាវសាម៉ូរ៉ៃ កាប់ទៅលើជនរងគ្រោះ ចំកញ្ចឹងក និងដើមទ្រូង បណ្តាលឱ្យដួលស្លាប់ក្នុងថ្លុកឈាមមួយរំពេចតែម្ដង។ ភ្លាមៗពួកជនល្មើសបាននាំគ្នាឡើងជិះម៉ូតូ គេចខ្លួនបាត់ស្រមោលអស់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងដំណឹងនេះផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ បានមកត្រួតពិនិត្យនឹងសាកសួរសាក្សីនៅកន្លែងកើតហេតុ ដើម្បីឈានទៅកំណត់មុខសញ្ញា តាមចាប់ក្រុមជនល្មើស។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕



