header ads

Sponsor

ភ្នំពេញៈ នារីរូបស្រស់​ម្នាក់​ ស្រវឹងស្រា​បើ​ករថយន្ត PRIUS មួយគ្រឿង​យ៉ាងលឿន​ ខ្វះការប្រុងប្រយត្ន័​ បានជ្រុលទៅបុកពីក្រោយ​រថយន្ត PRIUS មួយគ្រឿង​ បណ្ដាលឲ្យរេចង្កូតឡើ​ងទៅលើ​សួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវ​មួយដើ​ម​ បាក់រាបដល់ដី​ ធ្វើ​ឲ្យមានការឆ្លងចរន្តភ្លើ​ងប៉ះឆក់ផងដែរ​ ចំណែករថយន្តបង្ក បានបើ​ករត់គេចរហូត​ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញចាប់ឃាត់បាន​ ហើ​យរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើ​លនេះ​ ​បានកើតឡើង​នៅវេលាម៉ោង​១១យប់​ ថ្ងៃសៅរ៍​ ទី៩​ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅលើ​កំណាត់ផ្លូវ​២១៧​ ត្រង់ចំណុចទល់មុខ​រោងចក្រស្រាបៀរកម្ពុជា ស្ថិតក្នុងភូមិថ្មី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យភ្នាក់ងារ​សារព័ត៌មាន​ ខេមប៉ុស្តិ៍​​ ដឹងថា​ មុនកើ​តហេតុ​ គេឃើ​ញរថយន្ត TOYOTA PRIUS ពណ៌​ស​ ស្លាកលេខភ្នំពេញ 2AB-2880 បើ​កបរដោយនារីរូបស្រស់ម្នាក់​ ក្នុងស្ថានភាព​ស្រវឹងស្រា​ ធ្វើដំណើ​រតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿន​ ពីក្រោយ​រថយន្ត​មួយគ្រឿង​ទៀត​ ម៉ាក TOYOTA PRIUS ពណ៌ស​ដូចគ្នា​ តែពាក់ស្លាកលេខភ្នំពេញ​ 2AS-6205​ បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែនារីរូបស្រស់ខាងលើ​ បើ​កជ្រុលទៅបុកពីក្រោយចំពេញទំហឹង​ បណ្ដាលឲ្យរថយន្ត PRIUS របស់បុរសនោះ​ រេចង្កូតឡើ​ងទៅលើ​សួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើ​ងបំភ្លឺផ្លូវ​មួយដើ​ម​ បាក់រាបដល់ដី​ ធ្វើ​ឲ្យឆ្លងចរន្តភ្លើងប៉ះឆក់ផងដែរ​។

ប្រភពបន្តថា​ ចំណែកនារីរូបស្រស់ដែលស្រវឹងស្រារបើក​ថយន្តបង្កនោះ​ មិនព្រមឈប់ទេ​ នៅតែបន្តបើ​កទៅមុខទៀត​ បំណងបើ​ករត់គេច​ រហូតដល់មុខសាលាខណ្ឌដង្កោ​ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់ឃាត់បាន​ តែរូបនាងមិនព្រមចុះពីលើ​រថយន្តនោះទេ​ ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់ឲ្យកម្លាំងសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើ​តហេតុ ហើយបានហៅឲ្យនារីរូបស្រស់ ដែលស្រវឹងស្រា និងជាអ្នកបើ​កបរនោះ​ ចុះពីលើ​រថយន្ត​ រួចនាំមកស្នាក់ការប៉ុស្តិ៍នគរបាលដង្កោ​ ដើម្បីធ្វើ​ការសាកសួរ​ ។​

សមត្ថកិច្ចបានអោយដឹងថា នារីរូបស្រស់​ដែលស្រវឹងស្រា​ហើយបើ​កបររថយន្ត TOYOTA PRIUS ស្លាកលេខភ្នំពេញ​ 2AB-2880 ឈ្មោះ អេង លី​ អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ ចំណែកឯអ្នកបើ​ករថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ​ 2AS-6205 ឈ្មោះ តុង តុលា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្ថិតនៅភូមិស្រែតាថៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពុងឆ្នាំង។

ក្រោយពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាននិងផ្នែកចរាចរណ៍ខណ្ឌដង្កោ​ បានរាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ​ ចុះធ្វើការវាស់វែង​ និងស្ទូចយករថយន្តទាំង២គ្រឿង​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំធ្វើ​ការដោះស្រាយគ្នា​ និងសងការខូចខាតបង្គោលភ្លើងបំភ្លឺផ្លូវ​ ដែលជាសម្បតិ្តសាធារណៈ​របស់រដ្ឋនោះ​ តាមច្បាប់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post