header ads

Sponsor

ស្ទឹងត្រែងៈ បុរសម្នាក់ ដែលគេប្រទះឃើញសាកសព​អណ្តែតទឹក ក្នុងទន្លេសេសាន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩​ កន្លងមកនេះ នៅថ្ងៃទី៧ ខែកុម្ភៈ ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការស្រុកសេសានស្រាវជ្រាវរកឃើញ និងលាតត្រដាងដឹងពីការពិត គឺកូនជាជនដៃដល់ រីឯ​ប្រពន្ធ និងប្អូនថ្លៃ គ្រាន់តែជាប់ពាក់ព័ន្ធក្នុងករណីនេះ។

លោកវរសេនីយ៍ទោ ដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវកូនសម្លាប់នោះ ឈ្មោះ ថង រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ។ ចំណែកជនដៃដល់ជាកូនឈ្មោះ រិទ្ធី សុមន្នី ភេទប្រុស អាយុ១៩ឆ្នាំ ម្ដាយឈ្មោះ ម៉េត អាប់ អាយុ៣៣ឆ្នាំ (ប្រពន្ធសព​) ប្អូនថ្លៃ​ឈ្មោះ ម៉េត គី ភេទប្រុស អាយុ២២ឆ្នាំ ជនរងគ្រោះ និងជនដៃដល់ មានទីលំនៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកនាយការិយាល័យ បានបន្តឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុប្ដី(សព)ស្រវឹងបានឈ្លោះជាមួយ​ប្រពន្ធ រួមទាំងកូន ពេលឈ្លោះគ្នានោះ ឪពុកបានយកដំបងបម្រុងវាយទៅលើកូន តែកូនចាប់យកដំបងបាន ក៏វាយទៅលើឪពុកចំនួន២ដំបងចំក្បាលផ្នែកខាងក្រោយ និងមួយដំបងទៀតចំស្មាធ្វើឲ្យឪពុកដេកស្ដូកស្ដឹងស្លាប់ភ្លាមៗនៅលើផ្ទះតែម្ដង។

លោកវរសេនីយ៍ទោបន្តថា តាមម្ដាយសារភាពចំពោះមុខសមត្ថកិច្ចថា ក្រោយកើតហេតុជនដៃដល់ជាកូន បាន​ចុះទៅក្នុងទន្លេយកខ្មោច(សាកសពឪពុក)ចងសណ្ដូនជាមួយថ្មជាច្រើនដុំទម្លាក់ចូលទៅក្នុងទឹកទន្លេសេសាន។

លោកថា នៅថ្ងៃទី៤ ខែកុម្ភៈ ត្រូវបានប្រជានេសាទប្រទះឃើញសាកសពអណ្ដែតក្នុងទន្លេដែលមានខ្សែចងដុំថ្មជាច្រើនដុំ ហើយបានរាយការណ៍ទៅដល់សមត្ថកិច្ចចុះស្រាវជ្រាវ និងធ្វើកោសលវិច័យរកឃើញថា សាកសពត្រូវបានគេសម្លាប់ចងនិងថ្មសណ្ដូនទម្លាក់ទឹកហើមស្អុយមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

បន្ទាប់ពីមានករណីឃាតកម្មនេះកើតឡើងអាជ្ញាធរភូមិឃុំបានចុះស្រាវជ្រាវនៅតាមភូមិក្នុងឃុំកើតហេតុសួរសមាជិកក្រុមគ្រួសារមានបាត់មនុស្សឬទេ តែក្រុមគ្រួសារដែលត្រូវបានសម្លាប់ហាក់បីដូចមិនបានរាយការណ៍ថា បាត់មនុស្សនោះទេ ហាក់បីដូចជាមានអាថ៍កំបាំង។

លោកវរសេនីយ៍ទោបានបញ្ជាក់បន្ថែមថា បន្ទាប់ពីមានករណីនេះកើតឡើងហើយមិនស្គាល់អត្តសញ្ញាណនោះ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោក ដួង ស៊ីវុត្ថា សហការជាមួយអធិការដ្ឋាននគរបាលស្រុកសេសាន ចុះស្រាវជ្រាវក្នុងករណីខាងលើនេះ ទើបដឹងថា ផ្ទះដែលជាឃាតកបាត់មនុស្សមិនបានរាយការណ៍ ហើយបានចុះស្រាវជ្រាវដល់ផ្ទះជនរងគ្រោះរកឃើញនូវវត្ថុតាងជាច្រើនដូចជាខ្សែអន្ទាក់ចងសណ្តូនថ្មទម្លាក់​ជនរងគ្រោះចូលទៅក្នុងទឹកជាភស្តុតាង ដែលដូចខ្សែអន្ទាក់ ដែលនៅផ្ទះជនរងគ្រោះ និងដូចខ្សែអន្ទាក់ដែលនៅផ្ទះជនរងគ្រោះ ហើយបានឃាត់ខ្លួនមនុស្សបីនាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីខាងលើនេះ មានកូនប្រុស ម្តាយ និងប្អូនថ្លៃនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកសេសាន និងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តសាកសួរ។

លោកនាយការិយាល័យបន្តថា នៅថ្ងៃទី៧ បន្ទាប់ពីមានការសាកសួរជនដៃដល់ជាកូនមិនត្រូវបានសារភាពថា ខ្លួនបានសម្លាប់ឪពុកនោះទេ តែម្ដាយបានសារភាពចំពោះសមត្ថកិច្ចថា នៅថ្ងៃកើតហេតុប្តីរបស់គាត់ឈ្លោះជាមួយគាត់ និងកូន ខឹងហើយបានយកដំបងបម្រុងវាយគាត់និងកូន ហើយកូនក៏បានស្ទុះទៅឆក់យកដំបងពីឪពុកវាយទៅលើឪពុកចំនួន២ទៅ ៣ដំបងបណ្ដាលឱ្យស្លាប់តែម្ដង ហើយអូសសព​ជនរងគ្រោះចុះទៅក្នុងទន្លេនិងចងសណ្តូនថ្មទម្លាក់ទឹក ដើម្បីបំបាត់ភស្តុតាង។

តែទោះជាយ៉ាងណាការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយអធិការដ្ឋានស្រុកសេសានបានចុះស្រាវជ្រាវដល់ផ្ទះរងគ្រោះ និងបានរកឃើញនូវវត្ថុតាង និងអាចឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់នោះដែលជាប់ពាក់ព័ន្ធ។

ម្តាយបានសារភាពថា ប្ដីគាត់ពិតជាត្រូវបានកូនវាយនឹងដំបងពិតប្រាកដមែនហើយក្នុងហេតុការណ៍នោះជនដៃដល់ជាកូនមិនបានសារភាពថា ខ្លួនបានវាយសម្លាប់ឪពុកនោះទេ ហើយក្នុងហេតុការណ៍នេះ ក៏មានប្អូនថ្លៃរបស់គាត់ ពេលដែលឈ្លោះគ្នា ក៏មានវត្តមាននៅទីនោះដែរតែមិនបានពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ មានកូន ម្ដាយ និងប្អូនថ្លៃ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះស្ថិតក្រោមការសាកសួរពីសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៨ កុម្ភៈ ជនសង្ស័យទាំង៣នាក់ នឹងត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post