header ads

Sponsor

ភ្នំពេញៈ មន្តី្រយោធាម្នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០១៩ ហើយអតីតអធិការរង​នគរបាលក្រុងម្នាក់ បានរត់គេចខ្លួនបាត់ស្រមោល ក្រោយពីមានករណីផ្ទុះអាវុធដាក់គ្នាចំនួន៣គ្រាប់ ពាក់ព័ន្ធទំនាស់រឿងជួសជុលផ្ទះ ។

សាក្សីនៅកន្លែងកើតហេតុ បានបង្ហើបឲ្យសមត្ថកិច្ចដឹងថា មន្ត្រីយោធាដែលត្រូវប៉េអឹមឃាត់ខ្លួននោះ មានឈ្មោះ ជា ចិន្តា មានឋានន្ទរស័ក្តិវរៈសេនីយ៍ឯក ចំណែកភាគីដែលផ្ទុះបានអាវុធ ហើយបានរត់គេចខ្លួនឈ្មោះ គាវ ស៊ីថា អតីតជាអធិការរងនគរបាលក្រុងតាខ្មៅ ។

ករណីផ្ទុះអាវុធនេះ ស្ថិតនៅផ្លូវលេខ១៣៩ សង្កាត់អូឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ (មន្រ្តីយោធាមិនមានផ្ទះនៅទីនោះទេ ប្រហែលជាសាច់ញាតិហៅមកកាង) ។

សាក្សីបានរៀបរាប់ប្រាប់សមត្ថកិច្ចទៀតថា មុនកើតហេតុគេបានឃើញមន្ត្រីយោធា និងអតីតអធិការរងក្រុងតាខ្មៅ បានទាស់ពាក្យសំដីគ្នាពាក់ពន្ធរឿងជួសជុលផ្ទះ ហើយការទំនាស់ពាក្យសំដីគ្នាមួយប្រ៉ាវនោះ គេបានឃើញមន្រ្តីយោធា ដកកាំភ្លើងគំរាមទៅលើអតីតអធិការរងក្រុង រួចមន្រ្តីយោធារូបនោះបានដើរឡើងទៅលើផ្ទះជាន់ទី៣បាត់ទៅ ។ ឃើញដូច្នោះអតីតអធិការរងក្រុងបានទាក់ទង និងរាយការណ៍ទៅនគរបាលមូលដ្ឋានដើម្បីជ្រាប និងឲ្យជួយអន្តរាគមន៍ករណីចោទថាមន្រ្តីយោធាបានប្រើអាវុធគំរាមក្នុងពេលមានជម្លោះ ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ផ្ទាល់មាត់ អនុប្រធាននគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូឫស្សី៣ម្នាក់ឈ្មោះ គិត ច័ន្ទតារា បានទៅដល់កន្លែងកើតហេតុភ្លាមដែរ ដែលស្របពេលនោះមន្រ្តីយោធាក៏បានចុះពីលើផ្ទះមកវិញ ហើយក៏មានការប៉ះពាក្យសំដីគ្នាជាមួយអតីតអធិការរងក្រុងម្នាក់នោះទៀត ។ ភាគីទាំងពីរក៏មានទំនាស់គ្នាម្តងទៀតកាន់តែខ្លាំងក្លា និងរហូតមានការស្ទុះចង់វាយទាត់ធាកគ្នា ប៉ុន្តែបានលោកអនុប្រធានប៉ុស្តិជួយឃាត់ ហើយឆ្លៀតឧិ៍កាសនោះអតីតអធិការរងក្រុង បានដកយកកាំភ្លើងខ្លីពីចង្កេះលោក គិត ច័ន្ទតារា អនុប្រធាននគបាលប៉ុស្តិអូឫស្សី៣ បាញ់ភ្ជុចដីចំនួន៣គ្រាប់រួចរត់ចូលក្នុងផ្ទះបាត់ ។

ក្រោយពេលមានសភាពការណ៍ផ្ទុះអាវុធកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលខណ្ឌ៧មករា បានទៅដល់ និងបានធ្វើការឃាត់ខ្លួនមន្ត្រីយោធាយកទៅសាកសួរ ចំណែកភភាគីផ្ទុះអាវុធ គឺអតីតអធិការរងក្រុងម្នាក់នោះបានចេញទ្វារក្រោយគេចខ្លួនបាត់ទៅ ។ តែទោះជាយ៉ាងណាពេលនេះសមត្ថកិច្ចកំពុងអន្ទងហៅអតីតអធិការរងក្រុងនោះមកវិញ ដើម្បីឲ្យគាត់មកទទួលខុសត្រូវ ចំពោះករណីផ្ទុះអាវុធអាណាធិបតេយ្យចំថ្ងៃសែនចូលឆ្នាំចិន ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ ។

ក្រោយសាកសួរ មន្រ្តីយោធាត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា នាំខ្លួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ចំណែកអនុប្រធាននគរបាលប៉ុស្តិអូឫស្សី៣ ដែលជាម្ចាស់អាវុធ ក៏ត្រូវបានថ្នាក់លើឲ្យធ្វើរបាយការណ៍ភ្លាមៗដែរ ព្រោះជាការធ្វេសប្រហែសបណ្តាលឲ្យអ្នកដ៏ទៃឆក់យកកាំភ្លើងពីខ្លួនធ្វើសកម្មភាពបាញ់បោះបង្កើតការភ្ញាក់ផ្អើលកណ្ដាលក្រុងបែបនេះ ។

ឥឡូវករណីនេះ សមត្ថកិច្ចមិនទាន់បញ្ជូនមកតុលាការទេ ដោយត្រូវអន្ទងហៅអតីតអធិការរងក្រុងតាខ្មៅអោយចូលខ្លួនមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន បើមិនចង់មានបញ្ហាវែងឆ្ងាយទៅមុខទៀត ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post