header ads

Sponsor

ភ្នំពេញៈ មានបុរសស្បែកខ្មៅ៥នាក់ និងស្ត្រីខ្មែរ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅក្រសួងមហាផ្ទៃ កសាងសំណុំរឿង ប៉ុន្តែ៤ថ្ងៃហើយ មិនទាន់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញទេ ពាក់ពន្ធករណីឆបោកប្រាក់ តាមរយៈសារអេឡិចត្រូនិច ។

មនុស្សទាំង៧នាក់នោះ មានស្រ្តីខ្មែរ២ នាក់ បុរសជនជាតិនីហ្សេរីយ៉ា៣ នាក់ និងប៉ាគីស្ថាន២ នាក់ ដែលពួកគេត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងចាប់ខ្លួនជាបន្តបន្ទាប់តាំងពីថ្ងៃទី៣០ ខែមករា ២០១៩ មកនោះ ។ តាមខ្លឹមសារដែលត្រូវបានសមត្ថកិច្ច បង្ហោះជាសាធារណៈលើសង្គមហ្វេសប៊ុក បានបញ្ជាក់ពីសកម្មភាពរបស់ជនសង្ស័យ​មួយ​ក្រុម​នេះឲ្យដឹងថា ជនសង្ស័យបានលេង​ល្បិច​ ប្រើប្រាស់អុីមែលផ្ញើសារទៅរកជនរងគ្រោះនៅក្នុងស្រុកខ្មែរ ដោយប្រាប់ថា ពួកគេកំពុងមានជំងឺជាទម្ងន់​​ ហើយមានមរតកយ៉ាងច្រើន នឹងត្រូវការប្រគល់ឲ្យជនរងគ្រោះ ប៉ុន្តែតម្រូវឲ្យជនរងគ្រោះ ផ្ញើប្រាក់មួយចំនួនឲ្យគេជាមុនសិន ដើម្បីរៀបចំឯកសារផ្ទេរមរតកនោះ ។​

ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តដាក់ លើបទល្មើសប្រឆាំងបច្ចេកវិទ្យា ជាល្បិច​ដ៏ចាស់គំរិលនេះ ជនសង្ស័យបានធ្លាក់ចូលអន្ទាក់របស់សមត្ថកិច្ច និងត្រូវ​ឃាត់ខ្លួន​ជាក្រុម យោងតាមពាក្យបណ្តឹងជនរងគ្រោះ ​។ ជាមួយនោះផងដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ធ្លាប់បានផ្សព្វផ្សាយជាច្រើនដងហើយ ពាក់ពន្ធទៅនិងល្បិចកលដ៏គម្រក់ ពីសំណាក់ជនទុច្ចរិតនេះ ដែលសូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន នូវករណីឆបោកដែលជនល្មើសប្រើប្រាស់វិធីផ្សេងៗ ដូចជា ឈ្នះរង្វាន់ពីក្រុមហ៊ុន សាច់ញាតិជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឲ្យជនរងគ្រោះផ្ញើប្រាក់ឲ្យពួកគេ ។ មកដល់ពេលនេះជនសង្ស័យទាំង៧នាក់នោះ សមត្ថកិច្ចមិនទាន់បានបញ្ជូនទៅសាលាដំបូងទេ ទំនងនៅបន្តនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post