header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននិយាយពីភាពពេញវ័យរបស់យុវជននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៩។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៤ កុម្ភៈថា ប្រហែលជាគ្មានក្មួយៗចៅៗណាចាប់អារម្មណ៍ទេមើលទៅ តែបើនិយាយថា ជាថ្ងៃ១៤ កុម្ភៈ ប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើន អ្នកខ្លះប្រហែលជាបានរៀបចំផែនការរួចរាល់ហើយផងក៏មិនដឹង។

សម្តេច បានបញ្ជាក់ថា "ថ្ងៃនេះតាមិនចង់និយាយពីរឿងនយោបាយអីទេ គ្រាន់តែចង់និយាយទៅកាន់ចៅៗ ដែលទើបពេញវ័យ។ ចៅៗសុទ្ធតែដឹងហើយថា អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេសនៅថ្ងៃទិវានៃក្តីស្រលាញ់នេះតែម្តង។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យនោះទេ តែការប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរ ក៏មិនមែនជាកិច្ចការយុវជនយុវនារីដែរ "

សម្តេច បានគូសបញ្ជាក់បន្ថែមថា "តាមកដល់អាយុប៉ុណ្ណេះ តាក៏ធ្លាប់ឆ្លងកាត់ជីវិតយុវវ័យដែរ តាដឹងថា អារម្មណ៍រំភើបពេលជួបអ្នក ដែលខ្លួនស្រលាញ់វាយ៉ាងដូចម្តេច។ នៅក្នុងសម័យយុវវ័យរបស់តា និងយាយ ទោះពេលនោះយើងស្ថិតក្នុងសម័យសង្គ្រាមតស៊ូ ទោះជាពួកយើងស្រលាញ់គ្នាយ៉ាងណា ក៏ពួកយើងនៅតែគោរពគ្នា រក្សាប្រពៃណី តស៊ូជាមួយគ្នារហូតដល់ក្លាយជាប្តីប្រពន្ធ ដែលទទួលស្គាល់ដោយសង្គម"

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា តា បានអានអត្ថបទរបស់អ្នកស្រាវជ្រាវសង្គមម្នាក់ ដែលគេបានកត់សម្គាល់ថា ចៅៗយុវវ័យឥឡូវហាក់ដូចជាមានភាពចាស់ទុំច្រើន បើប្រៀបធៀបមើលពីឥរិយាបទឆ្នាំមុនៗ នៅថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ។ ចៅៗភាគច្រើនចេះគិតគូរ ហើយមិនប្រព្រឹត្តអ្វី ដែលផ្ទុយនឹងប្រពៃណីខ្មែរឡើយ។ ការសិក្សានេះ ធ្វើឱ្យតាសប្បាយចិត្ត។

សម្តេចបន្ថែមទៀតថា ជាការពិត តាតែងតែចង់ឃើញក្មួយៗចៅៗ កម្មករ កម្មការិនីមានកូនពូនជាចៅ ដោយសុភមង្គល ហើយសុភមង្គល ត្រូវតែកើតចេញពីការរៀបចំគ្រួសារមួយត្រឹមត្រូវតាមច្បាប់ និងទំនៀមទម្លាប់ ប្រពៃណីខ្មែរ អំពើផ្សេងពីនេះ នឹងមិននាំមកនូវសុភមង្គលឡើយ ទាំងខាងចៅស្រី ក៏ដូចជាខាងចៅប្រុស។ 

សូមចៅៗ បង្ហាញនូវការស្រលាញ់ដោយក្តីគោរពក្នុងថ្ងៃ១៤ កុម្ភៈនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post