header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ចង់ឲ្យកម្ពុជា ក្លាយជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យា ស្របទៅនឹងតម្រូវការសង្គម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា សម្ដេចអរគុណកូនក្មួយទាំងអស់ ដែលយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news) ដែលព្យាយាមបំពុលដោយក្រុមជនអគតិមួយចំនួនតូច ក្នុងចេតនាអាក្រក់ផ្សព្វផ្សាយព័ត៌មានបំផ្លាញ សង្គមជាតិ។សម្ដេចតែងតែកោតសរសើរកូនក្មួយដែលខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី (Information Technology)។

សម្ដេចថា “ពូចង់ឲ្យកម្ពុជាក្លាយជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យា ស្របទៅនឹងតម្រូវការសង្គម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិសព្វថ្ងៃ (E-People & E-government) ហើយពូគាំទ្រឲ្យមានការអភិវឌ្ឍកាន់តែខ្លាំងឡើងលើប្រព័ន្ធអ៊ិនធឺណិតល្បឿនលឿន និងមាន free wi-fi ឲ្យកាន់តែច្រើននៅក្នុងប្រទេសយើង”។

សម្ដេចបន្ដថា ច្បាស់ណាស់ មិនថាតែជំនាញបច្ចេកវិទ្យាមួយទេ គឺគ្រប់ជំនាញទាំងអស់ ក្មួយៗត្រូវតែបន្តសិក្សាស្រាវជ្រាវរៀនសូត្រទៅមុខថែមទៀត ហើយត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការប្រើប្រាស់ និងគ្រប់គ្រងឲ្យបានហ្មត់ចត់ល្អបំផុត។ សូម្បីតែគណនេយ្យហ្វេសប៊ុគ សម្ដេចក៏មានក្រុមជនខិលខូចបានព្យាយាមចូលលួចជាច្រើដងដែរ។

សម្ដេចតេជោ លើកទឹកចិត្ត និងគាំទ្រកូនក្មួយយកជំនាញ និងចំណេះដឹង ជាពិសេសជំនាញបច្ចេកវិទ្យា មកបម្រើកិច្ចការប្រទេសជាតិឲ្យមានប្រយោជន៍ ចៀសវាងទៅធ្វើអ្វីមួយដែលបំផ្លាញដល់អ្នកដទៃ និងសង្គមជាតិ។ សម្ដេច អរគុណក្រុមហ៊ុនហ្វេសប៊ុក ដែលបានសហការគ្រប់គ្រងគណនេយ្យហ្វេសប៊ុគរបស់សម្ដេចមានសុវត្ថិភាពឡើងវិញ និងអរគុណកូនក្មួយទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានពិតល្អៗអំពីកម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post