
កំពង់ឆ្នាំងៈ រឿងរ៉ាវថ្មីៗធ្លាយចេញថា រថយន្តបាឡែនចំនួន៣គ្រឿង ដឹកឈើគ្រញូងលោតឆ័ត្រ ទំនងមិនបង់លុយឲ្យសមត្ថកិច្ចល្បាតតាមដងផ្លូវ ហើយលួចដឹកច្រើនជើង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង (ស្នាក់ការ សន្តិសុខ៥០០) ស្ទាក់ចាប់បានកាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ឈ្មួញឈើ ដឹកចេញពីខេត្តពោធិ៍សាត់ ។ ក្នុងការបង្ក្រាបរថយន្តដឹកឈើខាងលើនេះ មនុស្ស៣នាក់ ក៏ត្រូវបានឃាត់ខ្លួន ប៉ុន្តែបានដោះលែង១នាក់ ឱ្យត្រឡប់ទៅផ្ទះវិញ។
ជុំវិញការចាប់រថយន្តដឹកឈើគ្រញូងលោតឆ័ត្រខាងលើនេះ លោកព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១៖៣០នាទីថ្ងៃដដែលនោះ លោកថា អត់បានដឹងរឿងចាប់រថយន្ដបាឡែនដឹកឈើនោះទេ ព្រោះគ្មានឃើញអ្នកណាគេរាយការណ៍មក។ លោកទើបតែដឹងត្រឹមអ្នកសារព័ត៌មានទូរស័ព្ទប្រាប់តែប៉ុណ្ណោះ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោកទទួលបានដំណឹង ស្ដីពីការចាប់រថយន្តបាឡែនដឹកឈើ ចំនួន៣គ្រឿង កាលពីយប់ទៀបភ្លឺថ្ងៃទី១៨ កុម្ភៈ ២០១៩ ប៉ុន្តែមកទល់ម៉ោង១រសៀលថ្ងៃទី១៩ កុម្ភៈ ២០១៩ ខាងជំនាញព្រៃឈើ មិនទាន់ឃើញខាងប៉េអឹមស្នាក់ការ ៥០០ ស្រុកសាមគ្គីមានជ័យ ប្រគល់ឱ្យនៅឡើយទេ មិនដឹងមកពីមូលហេតុបច្ចេកទេសស្អីទេ៕

