
ភ្នំពេញៈ បទបញ្ជាចៅហ្វាយក្រុង និងលោកស្នងការ ដែលហាមមិនឲ្យរថយន្តធន់ធំចូលក្រុង ពេលព្រឹក និងពេលថ្ងៃ គ្មានប្រសិទ្ធភាពអ្វីបន្តិចសោះ ខណៈរថយន្តធន់ធំដឹកទំនិញ និងរថយន្តក្រឡុកស៊ីម៉ងត៍ នៅតែបន្តបើកចូលក្រុងដដែល ករណីនេះមិនមែនជាលើកទី១នោះទេ។
ជាក់ស្ដែង មានរថយន្ដក្រឡុកស៊ីម៉ងតិ៍ សង្ស័យដាច់ហ្វាំង បានបើកទៅបុករះម៉ូតូ៦គ្រឿង រ៉ឺម៉កកង់បី PassApp ២គ្រឿង បណ្ដាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខសាលាវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ មានឈ្មោះ សុខ តែល អាយុ៤០ឆ្នាំ មុខរបរ គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី១០ ចំណែកអ្នករងរបួស៤នាក់ទៀត មិនបានស្គាល់អត្ដសញ្ញាណនោះទេ។ ជាមួយគ្នានេះ តៃកុងរថយន្ដបង្កហេតុ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ មានឈ្មោះ ព្រុំ ប៊ុនណាត អាយុ៤៨ឆ្នាំ មុខរបរ បើកបររថយន្ដ មានទីលំនៅក្នុងក្រុមហ៊ុន CPAC ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ។ មានស្រុកកំណើត ភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដក្រឡុកស៊ីម៉ងតិ៍មួយគ្រឿង ប្រភេទដឹកបេតុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 5A-0143 បើកបរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចមុខក្លោងទ្វារវិទ្យាល័យបឹងត្របែក ខណៈដែលជនរងគ្រោះទាំងអស់ កំពុងឈប់រងចាំស្ដុប ស្រាប់តែរថយន្ដក្រឡុកស៊ីម៉ងតិ៍ខាងលើ បើកមកបុករះពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូចំនួន៦គ្រឿង និងរ៉ឺម៉កកង់បី PassApp ២គ្រឿង រងការខូចខាត និងបណ្ដាលឲ្យមនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះជនរងគ្រោះដែលជាគ្រូបង្រៀនម្នាក់ រងរបួសធ្ងន់ជាងគេ ចំណែកអ្នករងរបួស៤នាក់ទៀត មិនបានស្គាល់អត្ដសញ្ញាណនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានឃាត់ខ្លួនតៃកុងរថយន្ដយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន រួចទាក់ទងទៅរថយន្ដសាម៉ុយឲ្យមកទទួលយកអ្នករងរបួសទៅសង្គ្រោះភ្លាមៗ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងអូសរថយន្ដនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាពេលក្រោយ។
ករណីរថយន្តធន់ធំបើកចូលក្រុងភ្នំពេញនេះដែរ កន្លងមក អ្នកលេងហ្វេកប៊ុកបាននាំធ្វើការរិះគន់ទៅលើសេចក្តីណែនាំ ក៏ដូចជា បទបញ្ជាបំរាមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលក្រុង “សាបដូចទឹកទន្លេ” ហាក់មិនត្រូវបានសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរថ្នាក់ក្រោម នៅតាមបណ្តាសង្កាត់ ខណ្ឌ ទូទាំងរាជធានីភ្នំពេញ អនុវត្តតាមឡើយ ជាក់ស្តែង ដូចករណីខាងលើអញ្ចឹង គឺរថយន្តបើកចូលក្រុងទាំងព្រឹក មិនតែប៉ុណ្ណោះ ថែមទាំងបង្កឲ្យមានគ្រោះថ្នាក់បុករះរថយន្ត និងបង្កឲ្យមានអ្នករងរបួស់ទៀតផង។
ករណីរថយន្តធន់ធំខាងលើ បើកចូលក្រុងទាំងព្រឹកនេះ មហាជនដាក់ការសង្ស័យថា ថៅកែរថយន្តទាំងនោះ សាកសមត្ថភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលក្រុងខ្លាំងប៉ុណ្ណា ហ៊ានចាប់រថយន្តគេអត់? ឬមួយព្រមានឲ្យតែល្អមើលរឺ? ខណៈមហាជនបន្តថា ការព្រមានកន្លងមករបស់លោកទាំង២ សង្ស័យជាសិល្ប៍វិធី យុទ្ធសាស្ត្រវៃទឹក បង្អើលត្រី ចូលសងប៉ុណ្ណោះ។ ព្រោះកន្លងមកឲ្យតែចៅហ្វាយក្រុង ស្នងការឡើងថ្មី តែងតែដាក់បទបញ្ចាហាមមិនឲ្យរថយន្តធំចូលក្រុង ប៉ុន្តែ រថយន្តធន់ធំនៅតែបន្តបើកចូលបានដដែលជាដដែល និងបុកកិនមនុស្សស្លាប់ដដែល។
មហាជនសង្ឈឹមថា អាណត្តិលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាល ក្រុងភ្នំពេញ និងធ្វើបានទៅចុះ ករណីហាមរថយន្តចូលក្រុងនេះ ព្រោះមហាជនមិនចង់ឃើញអ្នកស្លាប់ក្រោមកង់រថយន្តធុនធំ ក្នុងទីក្រុងទៀតទេ៕












