header ads

Sponsor

កំពង់ឆ្នាំងៈ ភ្លៀវទេសចរជាច្រើនរយនាក់ បានរត់ជាន់ជើងគ្នា បន្ទាប់ពីទាហានម្នាក់ ដកកាំភ្លើងខ្លីបាញ់ឡើងលើ បណ្ដាលឲ្យភ្ញាក់ផ្អើល នៅតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុល ឃើញក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។ យ៉ាងនេះក្តី ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចាប់ខ្លួននាយទាហានរូបនោះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ព័ត៌មានបឋមពីសមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញទាហានខាងលើ ដែលគេស្គាល់មានឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក មានឈ្មោះ រ៉េន រិទ្ឋី មានតួនាទីជាអធិការកិច្ចក្រសួងការពារជាតិ ក្នុងស្ថានភាពស្រវឹង បានដកកាំភ្លើងខ្លីម៉ាក កា៥៤ បាញ់ផ្ទុះ៣គ្រាប់ ផ្អើលភ្ញៀវទេសចរកំពុងកម្សាន្តលេងសប្បាយនឹងទឹកជ្រោះ បណ្ដាលឲ្យភ្ញៀវខ្លះរត់ឡើងគោក ខ្លះទៀត រត់ចូលរថយន្តយ៉ាងប្រញាប់ បើកចេញពីតំបន់នោះជាបន្ទាន់។

យ៉ាងនេះក្តី ប្រជាការពារក៏ដូចជាសហគមន៍ទេសចរណ៍ និងសមត្ថកិច្ចការពារនៅកន្លែងកើតហេតុ បានរត់ប្រញាយជើងទៅចាប់ជនបង្ក រួចបញ្ជូនមកកាន់អធិការនគរបាលស្រុកទឹកផុស ដើម្បីចាត់ការតាមនីតិវិធី។

រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៧ ខែកុម្ភៈ លោក ពេជ្រ រ៉ី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ថា ជនសង្ស័យខាងលើ មិនទាន់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត នៅឡើយទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post