
ភ្នំពេញៈ យុវជនម្នាក់ កើតទុក្ខមិនសុខចិត្ត រត់មកប្ដឹងសមត្ថកិច្ចទាំងទៀបភ្លឺ ខណៈដែលបុរសម្នាក់ទៀត ដកកាំភ្លើងមកភ្ជង់ ហើយស្រែកសំឡុតថា "ហ៊ែងមើលមុខសង្សារអញ ចង់ញ៉ែសង្សារអញមែន? ហើយក៏ទះរូបគេ២កំផ្លៀង ហើយលើកដៃរងក្រវីដៃចុះឡើងៗ ហើយបុរសម្នាក់នោះ បានយកកាំភ្លើងខ្លីសៀតជាប់ចង្កេះនោះ អាមេ រួចបុរសនោះក៏ទះមិត្តភក្តិរបស់គេម្នាក់ទៀត ២ដៃចំក្បាលពីក្រោយទៀត រួចកាន់កាំភ្លើងខ្លីនោះ ដើរត្រឡប់ទៅបើករថយន្តចេញទៅបាត់តែម្ដង ទើបបង្កឲ្យមានការភ្ញាក់ឡើងតែម្ដង។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤៖១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅចំណុចកន្លែងលក់ស្រាក្រឡុកមួយកន្លែង នៅក្រោយព្រះបរមរាជវាំង ផ្លូវលេខ២១៤ កែងផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យុវជនរងគ្រោះឈ្មោះ រុណ ហុង ហៅញាញ អាយុ២២ឆ្នាំ មុខរបរចុងភៅនៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ ស្នាក់នៅបន្ទប់ផ្ទះជួល សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ភ្នំពេញ។ ចំណែកយុវជនម្នាក់ទៀតជាមិត្តភក្តិ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
បើតាមសម្ដីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគេបានមកហូបអីជាមួយមិត្តភក្តិ៣នាក់ទៀត នៅម្ដុំក្រោយព្រះបរមរាជវាំង ដោយបានជជែកគ្នាអំពីបាល់ទាត់ យ៉ាងសប្បាយក្អាកក្អាយ លុះពេលផឹកអស់៣ថូ យុវជនរងគ្រោះ បានលូកដៃយកទូរស័ព្ទពីមិត្តភក្តិយកមកមើលបាល់ទាត់ តែជ្រុលប៉ះថូដាក់ស្រា បណ្ដាលឲ្យធ្លាក់បែកថូអស់១ទើមភ្ញាក់ផ្អើលដល់អ្នកអង្គុយផឹកជិតនោះ ងាកមើលផងដែរ តែរូបគេក៏បានទទួលខុសត្រូវ និងព្រមចេញសំណងលើការខូចខាតនោះដែរ ដោយខាងអ្នកគិតលុយប្រាប់ថា ថូស្រានោះ តម្លៃតែ៥ដុល្លារប៉ុណ្ណោះ ទើបរូបគេយល់ព្រមសងថ្លៃខូចខាតនោះគ្រប់ចំនួនផងដែរ។

យុវជនរងគ្រោះបន្តថា បន្ទាប់មករូបគេក៏បានហៅស្រា១ថូទៀតផឹក ជជែកគ្នាបន្តទៀត ខណៈដែលការប្រកួតបាល់ទាត់កំពុងល្អមើល ពួកគេក៏បាននិយាយថា បាល់នឹងចាំមើលខ្លាស៊ីគោហើយ ហើយក៏ស្រែកសប្បាយក្អាកក្អាយបន្តទៀត ដោយមិនបានចាប់អារម្មណ៍ នឹងអ្នកអង្គុយជិតគ្នានោះទេ រហូតមកដល់ មុនពេលកើតហេតុបន្តិច រូបគេក៏ស្រវឹងស្រឿងៗដែរ ហើយក៏បានប្រាប់អោយគេមកគិតលុយ រួចនាំគ្នាត្រឡប់ទៅផ្ទះមុនជាមួយមិត្តភក្តិម្នាក់ទៀត ខណៈពេលកំពុងអូសម៉ូតូចេញ ស្រាប់តែមានបុរសម្នាក់ ដើរចេញពីកន្លែងផឹកស៊ីនោះដែរ រួចដើរយ៉ាងលឿនទៅយកកាំភ្លើងខ្លីមួយដើម (មិនស្គាល់ម៉ាក) ពីក្នុងរថយន្ត TOYOTA PRIUS ពណ៌ស មួយគ្រឿង (មិនចាំស្លាកលេខ) ហើយសៀតចង្កេះ ដើរត្រឡប់មករកពួកគេវិញ រួចស្រែកសំឡុតថា "ហ៊ែងមើលមុខសង្សារអញ ចង់ញ៉ែសង្សារអញមែន" ហើយខ្លួនក៏តបទៅវិញថា អត់ទេបង "ខ្ញុំមិនបានដឹងផង" ស្រាប់តែបុរសម្នាក់នោះ ទះរូបគេចំនួន២កំផ្លៀង ហើយខ្លួន លើកដៃរងហើយក្រវីដៃចុះឡើងៗ កុំអោយវៃទៀត ហើយបុរសម្នាក់នោះ បានយកកាំភ្លើងខ្លី ដែលសៀតជាប់ចង្កេះនោះ អាមេ រួចបម្រុងវាយទៅលើមិត្តភក្តិរបស់ខ្លួន ទើបមិត្តភក្តិរបស់ខ្លួន លើកដៃរងហើយក្រវីដៃចុះឡើងៗ ទើបបុរសម្នាក់នោះ យកដៃមកវាយមិត្តភ័ក្តរបស់ខ្លួន២ដៃចំក្បាលពីក្រោយ ចង់ផ្កាប់មុខ ភ្លាមនោះពួកគេទាំង២នាក់ ដឹងកាលៈទេសៈទាន់ ក៏បានលើកដៃសំពះសុំទោស ហើយនិយាយថា "បងអើយខ្ញុំ អត់មានបានមើលមុខ ឬញ៉ែសង្សារបងទេ" ហើយក៏ឡើងម៉ូតូជិះឌុបគ្នាចេញទៅ ហើយបុរសនោះក៏ទះ២ដៃចំក្បាលពីក្រោយទៀត រួចកាន់កាំភ្លើងដើរត្រឡប់ទៅបើករថយន្តចេញទៅបាត់តែម្ដង។
យុវជនរងគ្រោះបន្តថា ដោយសារតែរូបគេមិនដឹងអ្វីសោះ បែរជាមកចោទថា រកញ៉ែសង្សាររបស់គាត់ ទាំងរូបគេមិនដឹងថា សង្សារគាត់នោះ មុខយ៉ាងម៉េចផង ព្រោះរវល់តែមើលបាល់ទាត់សោះ ក៏ស្រាប់តែបុរសនោះ មកប្រើហិង្សាលើពួកគេ ហើយដកកាំភ្លើងមកភ្ជង់ពួកគេទៀត ដូចជាប្រមាថជីវិតពួកគេពេកហើយ ទើបរីបគេកើតទុក្ខមិនសុខចិត្ត ជិះម៉ូតូមកប៉ុស្តិ៍នគរបាលជ័យជំនះ រៀបរាប់ប្រាប់មេប៉ុស្តិ៍អោយបានដឹង ហើយដាក់ពាក្យប្ដឹងតែម្ដង។
ក្រោយពីកើតហេតុ យុវជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអោយជួយស្រាវជ្រាវ តាមចាប់បុរសដៃដល់នោះ ដោយមិនដឹងថាជាមន្ត្រីរាជការ ឬមានតួនាទីអ្វីនោះទេ បានជាមានប្រើប្រាស់កាំភ្លើង ហើយយកមកភ្ជង់គំរាមកំហែងប្រជាពលរដ្ឋនៅតាមទីសាធារណៈបែបនេះ៕










