header ads

Sponsor

បន្ទាយមានជ័យៈ តុលាការខេត្តបន្ទាយមានជ័យ បានសម្រេចបិទទ្វារទាំងស្រុងខារ៉ាអូខេយីហោ “ឡាហ្វីរ៉ា” ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីរកឃើញថា មានការបាញ់បោះ និងកាប់ចាក់រវាងមនុស្សពីរក្រុម បណ្តាលអោយមានអ្នករងរបួស។ ហេតុការណ៍នេះ បង្កឡើងនៅម៉ោង៤ទៀបភ្លឺព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមនុស្សពីរក្រុម​ ក្រុមទី១​ជាភ្ញៀវក្នុងខារ៉ាអូខេ និងក្រុមទី២ បង្កមកពីខាងក្រៅ។

យោងតាមសម្តីអ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេឃើញមនុស្សមួយក្រុម មានគ្នាយ៉ាងតិច៨នាក់ ប្រដាប់ដោយអាវុធ ដំបង កាំបិតគ្រប់ដៃ ខ្លះបិទមុខ ដឹកដោយរថយន្តទូរីសមួយគ្រឿង បានសម្រុកចូលទៅក្នុងខារ៉ាអូខេខាងលើ​ ហើយបានធ្វើសកម្មភាពវាយទាត់ធាក់ កាប់និងបាញ់ទៅលើមនុស្សមួយក្រុម ដែលកំពុងស្ថិតក្នុងខារ៉ាអូខេនោះ បណ្តាលបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

ប្រភពពីសមត្ថកិច្ច បានអោយដឹងផងដែរថា ហេតុការណ៍បាញ់បោះសេរី(ករណីហិង្សារដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ ) បង្កឡើងដោយជនសង្ស័យមួយក្រុម ដែល​មានគ្នាប្រហែល៨នាក់ មុខសញ្ញាបានកំណត់មានដូចជា : ១.ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួន ។ ២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួន ។ ៣.ឈ្មោះ សុខ ស៊ុសាក់ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួន ។ ចំណែក​បក្ខ​ពួក ៥នាក់ទៀត ដែលជាបុគ្គលិកបម្រើការក្នុងខារ៉ាអូខេឡាហ្វីរ៉ា បានធ្វើសកម្មភាព វាយជាមួយក្រុមជនជាតិចិនម្ខាងទៀត ដែលមានគ្នា៣នាក់ ជាភ្ញៀវចូលច្រៀងនៅខារ៉ាអូខេ ឡាហ្វីរ៉ា ។ សមត្ថកិច្ច បន្តថា នៅពេលដែលមានសកម្មភាពវាយប្រតាយប្រតប់គ្នានោះ ខាងភាគីម្ចាស់ខារ៉ាអូខេ បានប្រើប្រាស់កាំភ្លើង ដែលមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលអោយរងរបួសត្រង់ភ្លៅ ខាងស្ដាំមួយកន្លែង។ សមត្ថកិច្ច បានរឹបអូស សំបកគ្រាប់ និងក្បាលគ្រាប់ កាំភ្លើង មិនស្គាល់ម៉ាក ចំនួន១គ្រាប់។

ក្រោយបង្កហេតុ កម្លាំងអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ភ្លាមៗ ១.ឈ្មោះ Wen Lin ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន ២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ៣.ឈ្មោះ សុខ ស៊ុសាក់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត។

សូមបញ្ជាក់ផងដែរថា ពេញមួយព្រឹកនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះផ្ទាល់ដល់កន្លែងកាស៊ីណូ ដើម្បីឆែករកមូលហេតុ ដែលឈានដល់ការបង្កឲ្យ​មានករណីបាញ់បោះនេះ។

ក្នុងការឆែកឆេរនោះ ត្រូវបានប្រភពបញ្ជាក់ថា រកមិនឃើញមូលហេតុអ្វីនោះទេ ព្រោះខាងម្ចាស់ខារ៉ាអូខេ ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាអោយកូនចៅកាត់ផ្តាច់ប្រព័ន្ធកាមរ៉ា​សុវត្ថិភាព ហើយមិនព្រមប្រគល់អង្គចងចាំ(Memory) អោយសមត្ថកិច្ចអាវុធហត្ថនិងព្រះរាជអាជ្ញា ដែលមានភារកិច្ចចុះអង្កេត បំបែកសំណុំរឿងនេះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post