header ads

Sponsor

ភ្នំពេញៈ សាលាគណរាជធានីភ្នំពេញ បានប្រកាស​ថា ភិក្ខុ ហោ សុខុន អតីតចៅអធិការវត្តច្បាអំពៅ បានលាចាកសិក្ខាបទនោះ គឺសាម៉ី ខ្លួនបានព្រមព្រៀងដោយខ្លួនឯង ក្រោយពីបានទទួលលិខិត របស់គណៈសង្ឃនាយក និងក្រសួងធម្មការនិងសាសនា ។

គេបានបញ្ជាក់យ៉ាងដូច្នេះថា ៖ ភិក្ខុ ហោ សុខុន អតីតចៅអធិការវត្តច្បាអំពៅ ពិតជាបានលាចាកសិក្ខាបទ ពិតប្រាកដមែន ។ ចំពោះការលាចាកសិក្ខាបទនេះ គឺសាមីខ្លួនបានព្រមព្រៀងដោយខ្លួនឯង ក្រោយពីបានទទួលលិខិត របស់គណៈសង្ឃនាយក និងក្រសួងធម្មការនិងសាសនា នាល្ងាចថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩នៅសាលាគណរាជធានីភ្នំពេញ វត្តបទុមវតី ។

សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩​ ដោយលេចឮព័ត៌មានថា ព្រះអង្គ ហោ សុខុន ព្រះគ្រូចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្ត​ច្បារ​អំពៅ និងមានឋានៈជាទីប្រឹក្សាសម្តេចសង្ឃ ត្រូវបាននាំព្រះកាយទៅកាន់វត្តបទុមវត្តី ដែលជាវត្តរបស់សម្តេចសង្ឃរាជ នន្ទ ង៉ែត ហើយព្រះអង្គ ក៏ត្រូវបានចាប់ផ្សឹកតែម្តង។

ប៉ុន្តែ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ដែលគង់នៅក្នុងវត្តបទុមវត្តី បានបកស្រាយប្រាប់ប្រភពមួយថា ព្រះអង្គ ហោ សុខុន សុំលាចាកសិក្ខាបទខ្លួនឯង មិនមែនត្រូវបានចាប់ផ្សឹកនោះទេ ហើយថា ដំបូងឡើយ មន្រ្តីសង្ឃ បាននិមន្តព្រះអង្គ ហោ សុខុន ទៅកាន់វត្តបទុមវត្តី ដើម្បីដកតួនាទីជាទីប្រឹក្សាសម្តេចសង្ឃ និងដកតំណែងឈប់ឲ្យធ្វើជាព្រះគ្រូចៅអធិការវត្តច្បារអំពៅ ព្រោះព្រះអង្គបានប្រព្រឹត្តខុសវិន័យរបស់គណៈសង្ឃម្តងហើយម្តងទៀត។

សម្តេច ឃឹម សន បន្តថា ពេលមន្រ្តីសង្ឃ ត្រៀមប្រកាសដកតួនាទីនិងតំណែងទាំងនោះ ព្រះអង្គ ហោ សុខុន ក៏សុំលាចាកសិក្ខាបទតែម្តង ដោយព្រះអង្គ យល់ថា នេះជារឿងអកុសលរបស់ព្រះអង្គ។ ព្រះមេគណរាជធានីភ្នំពេញ បញ្ជាក់បែបនេះថា៖«កន្លងមក ព្រះអង្គ ហោ សុខុន បានធ្វើឲ្យប៉ះពាល់ដល់គណៈសង្ឃ។ ឧទាហរណ៍ ព្រះអង្គ មានសង្ឃដីកាថា គណៈសង្ឃធ្វើការមិនល្អទេ ជាដើម។ យើង ក៏ធ្លាប់ណែនាំព្រះអង្គ ថាធ្វើអ៊ីចឹងនិងមានសង្ឃដីកាអ៊ីចឹងមិនត្រូវទេ តែព្រះអង្គ មិនស្តាប់»។ «ប៉ុន្មានថ្ងៃហ្នឹង​ព្រះអង្គ ហោ សុខុន បាននិយាយរឿងនយោបាយ និងមានការប៉ះពាល់ដល់ថ្នាក់ដឹកនាំ។ តើដោយសារតែបែបហ្នឹងហើយ ទើបព្រះអង្គ ត្រូវបានផ្សឹក?»។ សម្តេច ឃឹម សន ឆ្លើយតបយ៉ាងដូច្នេះថា៖«ចម្រើនពរ! អត់មានអ៊ីចឹងទេ គឺថា ការដកតំណែងគឺដោយសារតែព្រះអង្គ ធ្វើខុសនឹងការណែនាំរបស់គណៈសង្ឃ ហើយព្រះអង្គ ក៏សុំសឹកខ្លួនឯង» ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post