header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋានខណ្ឌចំការមន បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ “ពេជ្របុរាណខ្មែរ” មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះម្ចាស់ទីតាំង២នាក់ប្ដីប្រពន្ធ នារីរងគ្រោះចំនួន៤នាក់ និងភេទទី៣ម្នាក់ មើលកូនម្ចាស់ទីតាំង។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១២៖​៣០នាទីថ្ងៃត្រង់នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ១៣៨G ផ្លូវ៤៥០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានចង្អុលបង្ហាញពីលោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួល ពីលោកស្រី ស៊ី​ វណ្ណនី ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

នគរបាលបានអោយដឹងថា ម្ចាស់ទីតាំង ប្ដីឈ្មោះ ផាន ផេង អាយុ៣១ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ១៣៨G ផ្លូវ៤៥០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រពន្ធ ឈ្មោះ អុល សុខុន អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៨G ផ្លូវ៤៥០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នគរបាល បានបន្ត​ឲ្យដឹងថា ទីតាំងម៉ាស្សាកោសជប់ យីហោ ពេជ្របុរាណខ្មែរ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៨ ព្រឹករហូតដល់យប់ជ្រៅរំលងអធ្រាត្រ​ដោយមាននារីក្មេងចាស់ចំនួន៤នាក់ រង់ចាំភ្ញៀវ មកម៉ាស្សាធម្មតាតម្លៃ៣ដុល្លារ រយៈពេល១ម៉ោង និងរួមភេទ តម្លៃចាប់ពី ២០ដុល្លារ ទៅ៣០ដុល្លារ ក្នុងមួយដង។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ៧នាក់ក្នុងនោះនារីរងគ្រោះចំនួន ៤នាក់(អនីតិជនម្នាក់) ម្ចាស់ទីតាំង២នាក់ប្ដីប្រពន្ធ និងភេទទី៣ម្នាក់មើលកូនម្ចាស់ទីតាំង បាននាំខ្លួនយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីបន្តការសាកសួរ។

សូមបញ្ជាក់ផងដែរ ក្រោយបញ្ជប់ការសាកសួរ ម្ចាស់ទីតាំង២នាក់ប្ដីប្រពន្ធត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី។ ជនភេទទី៣ ដែលមិនមានការពាក់ព័ន្ធត្រូវនគរបាលជំនាញធ្វើកិច្ចសន្យាអោយទៅផ្ទះវិញ ចំណែកនារីរងគ្រោះទាំង៤នាក់នោះត្រូវបាន នគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post