header ads

Sponsor

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ កុម្ភះ បានកោះអញ្ជើញវិស័យ ឯកជន ក្រុមហ៊ុនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់៣សព្វថ្ងៃ ក្នុងរាជធានីភ្នំពេញរួមជាមួយមន្ត្រីជំនាញ ពាក់ពន្ធ័ ដើម្បីជជែកគ្នាស្វែងរកវិធានការ ជាក់លាក់មួយក្នុងការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់៣ ក្រោយកើតមានបញ្ហាប្រឈមជាច្រើននាពេលថ្មីៗនេះ ដែលប៉ះពាល់ដល់សន្តិ សុខសណ្តាប់ធ្នាប់ ក្នុងទីក្រុងភ្នំពេញ។

​មានក្រុមហ៊ុនចំនួន៣កំពុងរកស៊ីតាមរយៈមធ្យោបាយធ្វើដំណើរដោយម៉ូតូកង់៣ ក្នុងរាជធានីភ្នំពេញសព្វថ្ងៃ គឺក្រុមហ៊ុន PassApp Grab និងក្រុមហ៊ុនWe go។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ប៉ុន្មានថ្ងៃ មកនេះ បានកើតមានបញ្ហាប្រឈមមួយចំនួន ដែលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ ពិសេសកើតមានបាតុភាពអ្នករត់ម៉ូតូកង់៣បៀតបៀនរាងកាយអ្នកដំណើរថែមទៀត និងបញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់អ្នកដំណើរជាដើម។ លោកបន្តថា ការគ្រប់គ្រងម៉ូតូកង់៣នេះ មិនអាចព្រលែងបានទេ ព្រោះវាប៉ះពាល់ដល់សន្តិសុខសាធារណៈ។

មន្ត្រីជំនាញ បញ្ជាក់ថា ចាប់ពីឥឡូវនេះទៅបងប្អូនអ្នកប្រកបរបររត់ម៉ូតូកង់៣ ដែលមានសរុប២៤.៤២៩គ្រឿង ដែលកំពុងប្រកបរបរដឹកជញ្ជូន អ្នកដំណើរសព្វថ្ងៃ នៅរាជធានីភ្នំពេញទាំងក្រុមហ៊ុន ឬសមាគមតម្រូវអោយអ្នករត់ម៉ូតូកង់៣ទាំងអស់ ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល។ ម៉ូតូកង់៣ទាំងអស់ ត្រូវតែមានបិទរូបថត,មានអត្តសញ្ញាណបណ្ណ័, លេខទូរសព្ទ័ក្រុមហ៊ុន, មានបណ្ណ័បើកបរ បិទនៅជញ្ជាំងម៉ូតូចំពីមុខអ្នកជិះ និងត្រូវមានការចុះបញ្ជីត្រឹមត្រូវ និងមិនអោយមានម៉ូតូកង់៣រត់លើផ្លូវដោយគ្មានស្លាកលេខនោះឡើយ។

ជាមួយគ្នានេះ គេសង្កេតឃើញថា ចំពោះម៉ូតូកង់៣ រត់តាមរយៈសមាគម ឬក្រុមហ៊ុនមិនមានបញ្ហាអីទេ។ តែសម្រាប់​ម៉ូតូ ដែលជួលពីក្រុមហ៊ុន ឬម៉ូតូកង់៣ឯកជនច្រើនមានបញ្ហា និងមានរឿងច្រើនប៉ះពាល់ដល់អ្នកជិះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យអ្នករត់ម៉ូតូកង់៣ទៅធ្វើស្លាកលេខដោយមិនយកប្រាក់ តែពេលនេះលែងមានការអនុគ្រោះទៀតហើយ ព្រោះការអប់រំ ក៏យូរល្មមហើយដែរ រួមទាំងវិធានការដកហូតវិទ្យុទាក់ទងពីអ្នករត់ម៉ូតូកង់៣ ដែលប្រើប្រាស់បែបអនាធិបតេយ្យ មិនមែនជាសមត្ថកិច្ច ដែលត្រូវប្រើប្រាស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post