header ads

Sponsor

ភ្នំពេញៈ ប្រតិភូសិង្ហបុរី ដឹកនាំដោយលោក ម៉ៃ ឈើលតាន់ អគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅប្រទេសកម្ពុជា និងលោក ស៊ីត តាន់ នាយកប្រតិបត្តិ នៃប្រទេសសិង្ហបុរី កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំប្រតិភូមួយក្រុមចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីស្វែងយល់និងចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ ខណៈដែលរាជធានីភ្នំពេញ បាននឹងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃនោះ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងថា ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានី បាននឹងកំពុងពង្រឹង និងពង្រីកតំបន់មួយចំនួននៅក្នុងរាជធានី។ លោកបានបញ្ជាក់ថា គម្រោងប្លង់មេអភិវឌ្ឍន៍រាជធានីភ្នំពេញ នៅឆ្នាំ២០៣៥ គណៈរដ្ឋមន្ត្រីបានសម្រេចជាស្ថាពរហើយ ទន្ទឹមនឹងនេះ រាជធានីភ្នំពេញនឹងត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជា ប្រព័ន្ធលូប្រព័ន្ធប្រឡាយផ្លូវថ្នល់ស្ពានអាកាស និងផ្លូវក្រោមដីជាដើម ហើយការងារនេះ យើងបាននឹងកំពុងអនុវត្តសព្វថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងត្រូវការដៃគូដើម្បីធ្វើការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនេះបន្ថែមទៀត។

លោក ស៊ីត តាន់ បានលើកឡើងថា គោបំណងដែលប្រតិភូមកភ្នំពេញក្នុងពេលនេះ គឺដើម្បីស្វែងយល់ និងចង់ធ្វើការបណ្ដាក់ទុនវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរាជធានីភ្នំពេញ។ ការសំយោគទុនលើវិស័យនេះ គឺដោយសារមើលឃើញ រាជធានីភ្នំពេញក៏ដូចជានៅទូទាំងប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំង ដែលទាមទារឲ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត។ លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសសិង្ហបុរី ជាក្រុមហ៊ុនធំមួយ ដែលសហការដៃគូជាមួយរដ្ឋាភិបាល និងធានាគារADB ដែលមានវិសាលភាពធំធេងលើការវិនិយោគទុន។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើងពីហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងរាជធានីភ្នំពេញ ដូចជា ការអភិវឌ្ឍផ្លូវ ស្ពាន ប្រឡាយលូ ជាដើម។ លោកបានបញ្ជាក់ថា ក្នុងពេលនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ បានកសាង ប្រព័ន្ធលូបានប្រវែង៧៣២គីឡូម៉ែត្រ ខណៈគម្រោងដែលត្រូវសាងសង់មានរហូតទៅដល់ ២ពាន់គីឡូម៉ែត្រ បច្ចុប្បន្ននេះយើងមាន ស្ពានអាកាសចំនួន៦ ហើយជាទិសដៅយើងនឹងកសាងស្ពានអាកាសជាច្រើនកន្លែងទៀត។ រាជធានីភ្នំពេញ ជាទិសដៅដែលត្រូវដោះស្រាយមាន៣ ចំណុច នោះ គឺការដោះស្រាយលើការកកស្ទះចរាចរណ៍ បរិស្ថាននិងទឹកជំនន់ និងកាកសំណល់ និងសំរាម ដែលបញ្ហាទាំងនេះទាមទារឲ្យមានការយើងត្រូវចាប់ដៃគូវិនិយោគជាមួយនឹងវិស័យឯកជន។

ប្រតិប្រតិភូសិង្ហបុរីជាចុងក្រោយ បានបញ្ជាក់ថា គម្រោងដឹកជញ្ជូន ការកែច្នៃសំរាមទៅជាថាមពល ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្រុមប្រតិភូនឹងយកទៅពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ក្រោយការសិក្សាហើយប្រតិភូសិង្ហបុរីនិង មកទំនាក់ទំនងជាមួយរដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សានិងអនុម័ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post