
បន្ទាយមានជ័យៈ ក្មេងៗចំនួន៤នាក់ កំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ ខណៈស្ត្រីជាម្តាយ ត្រូវបានស្លាប់ បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។ ហេតុការណ៍ស្លាប់ និងកំពុងជួយសង្គ្រោះនេះ ត្រូវបានគេរាយការណ៍ថា គឺបណ្តាលមកពីហូបត្រីកំពត។
លោក កែវ សុភ័ក្រ្តា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកបានទទួលព័ត៌មានពីការពុលនេះភ្លាម នៅម៉ោង៥ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ២០១៩ លោកបានចុះពិនិត្យ និងអោយក្រុមគ្រូពេទ្យសង្រ្គោះ ពិនិត្យព្យាបាលយ៉ាងយកចិត្តទុក្ខដាក់។ រហូតដល់ម៉ោង៧៖១០នាទីយប់ថ្ងៃទី១៧ កុម្ភៈ ២០១៩ លោកបានដាក់បទបញ្ជាដល់ក្រុមគ្រូពេទ្យ ត្រូវទទួលការតាមដានយ៉ាងហ្មត់ចត់ ដោយបញ្ជូនព័ត៌មានតាមប្រពន្ធ័ Hot Line មក RRT PHD ក្នុងការរកវិធីសង្គ្រោះជម្រើសចុងក្រោយ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។
លោកបានបង្ហោះក្នុងហ្វេសប៊ុកលោកថា អ្នកជំងឺករណីពុលត្រីកំពតនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ចំនួន៥នាក់(កូន៤) ក្នុងនោះបានទទួលមរណភាពម្តាយ នៅពេលដែលម្តាយបញ្ជូនដល់មន្ទីរពេទ្យខេត្ត។
នេះជាលើកទី៣ ដែលអ្នកស្រុកមិនរាងចាលក្នុងការបរិភោគត្រីកំពត បណ្តាលឲ្យពុលស្លាប់ នៅភូមិស្រះគោគ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ ជាមួយគ្នានោះ លោកសូមបងប្អូនកុំបរិភោគជាដាច់ខាតនូវត្រីកំពត៕



