header ads

Sponsor

ភ្នំពេញៈ យុវតីរូបស្រស់សិស្សសាលា​ប៊ែលធី ជិះម៉ូតូទៅរៀន ហើ​យកំពុង​និយាយទូរស័ព្ទតាមផ្លូវ​ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នា​មកឆក់ទូរស័ព្ទ បានសម្រេច​ តែសំណាងអាក្រក់​ ក៏ជ្រុលទៅបុករថយន្ដមួយគ្រឿង បណ្ដាលឲ្យដួល​ ផ្អើ​លប្រជាពលរដ្ឋចេញមកជួយចាប់បានព្រួតវាយម្នាក់មួយដៃ ម្នាក់មួយជើង ទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣​ ចាប់វាយខ្នោះយកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍តែម្ដង។

ហេតុការណ៍នេះ បានកើ​តឡើ​ងនៅវេលាម៉ោង១៖២០នាទីរសៀល​ ថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខរោងចក្រកាត់ដេរសម្លៀកបំពាក់អ៊ី​ខាង នៅលើ​កំណាត់ផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ សន ធិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ​​សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ មុខរបរជាងពិដាន (ប្រើប្រាស់​គ្រឿញៀន) ។ ២ជនសង្ស័យឈ្មោះ ចាន់ វឌ្ឍនៈ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ​ខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ មុខរបរចុងភៅ (មានផ្ទុកសារធាតុញៀន)។

​ជនរងគ្រោះឈ្មោះ ផូ ដាណែត ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ​​ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មុខរបរសិស្សសាលាប៊ែលធីអន្តរជាតិ  បាន​រៀបរាប់ឲ្យ​ដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូចេញពីផ្ទះនៅម្ដុំទួលពង្រ ដើម្បីទៅរៀននៅសាលាប៊ែលធីអន្តរជាតិ នៅច្រមុះជ្រូកស្ទឹងមានជ័យ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ​ ខណៈដែលកំពុងនិយាយទូរស័ព្ទ ស្រាប់តែលេខមុខ​ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ (HONDA DREAM) ស៊េរីឆ្នាំ២០១៧ ពណ៌​ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1K-0121 ឌុបគ្នា តាមពីក្រោយមកក្បែរ រួចធ្វើសកម្មភាពឆក់ទូរស័ព្វរបស់នាង បានសម្រេច​ ហើ​យព្យាយាមជិះគេចខ្លួន ភ្លាមនោះរូបនាងក៏បានស្រែក​ឆោឡោ​ថា​ "ចោរៗ" ដែរ តែសំណាងអាក្រក់​ ជនសង្ស័យទាំង២នាក់នោះ​ ជិះរត់ទាំងភ័យស្លន់ស្លោ​ ក៏ជ្រុលចង្កូតទៅបុករថយន្ដមួយគ្រឿងទៀត បណ្ដាលឲ្យដួល​ ទើបបង្កការភ្ងាក់ផ្អើលឡើង​ដល់ប្រជាពលរដ្ឋនៅក្បែរនោះ​ នាំគ្នាជួយចាប់បានទាំងពីរនាក់ ហើ​យស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើង ទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣​ វាយខ្នោះចាប់យកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍តែម្ដង។

​​វត្ថុតាងចាប់យក ៖ ទូរស័ព្ទដៃម៉ាកអាយហ្វូនសិចផ្លើស ពណ៌​ទឹកមាសចំនួន០១គ្រឿង មានស៊ីមកាតលេខ 085 263462 (ជារបស់ជនរងគ្រោះ) និង ម៉ូតូចំនួន០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1K-0121 (ជារបស់ជនសង្ស័យ)។

​បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ បញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។ ចំណែកឯទូរស័ព្ទរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ជូនជនរងគ្រោះវិញ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post