header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរៀបចំអំពីប្រវត្តិ​ឈឺចាប់ អស់រយៈពេល៤០ឆ្នាំកន្លងមក ដោយយកជីវិតធ្វើជាដើមទន់ក្នុងការរំដោះជាតិ។

សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់លើបណ្តាញសង្គមរបស់សម្តេចនៅថ្ងៃទី២៤ កុម្ភៈ យ៉ាងដូច្នេះថា «ថ្ងៃនេះ គឺជាខួប៤០ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០១៩)។ កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ ជួបហើយព្រាត់ និងព្រាត់ហើយជួប។ លើកនេះ ខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវ បន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែវិច្ឆិ​កា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន) »

សម្តេចបញ្ជាក់ថា «ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់ និងនៅថែទាំភរិយា ដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្ត ធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជា ស្រុកពាមជីលាំង)។ យើងសម្រាក និងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀល យើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះ ជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ»

សម្តេចបន្តថា តែសំណើដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបាន បម្រុង​ដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះ ប៉ុន្តែការអត់ធ្មត់ គឺជារឿងចាំបាច់ ដើម្បីធានាដល់ ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយ ដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួ ចមកហើយ។ ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូ ដោយមិនចាំបាច់សុំច្បាប់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរទៅបន្ទប់ ដែលភរិយាខ្ញុំសម្រាក ពិនិត្យឃើញរ៉ានីហើមខ្លួន។ ដោយសារ រ៉ានី ជាគ្រូពេទ្យឆ្មបស្រាប់គាត់បានប្រាប់ខ្ញុំថា អាចនៅសល់សុក ដែលពេទ្យទម្លាក់មិនអស់។ ពីរនាក់ប្តីប្រពន្ធយើងពុំមានអ្វីក្រៅពីមើលមុខគ្នាដោយទឹកភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូនដែលស្លាប់ទៅទឹកភ្នែកដែលមិនបាននៅថែទាំភរិយា ដែលទើបឆ្លងទន្លេ តែ រ៉ានី ហាក់ដូចរឹងប៉ឹងជាងខ្ញុំ និងយល់ ពីការងារដែលខ្ញុំត្រូវធ្វើទោះជាខ្ញុំមិនដែលប្រាប់នាងក៏ដោយ។ ខ្ញុំចាកចេញទាំងទឹកភ្នែក ហើយក៏ មិនបានសួររកទីកន្លែង ដែលគេកប់សាកសពកូនខ្ញុំដែរ។ ពេលត្រឡប់ទៅដល់អង្គភាពវិញ ខ្ញុំក៏បានយករឿងនេះជំរាបទៅប្រធាននយោបាយនៃអង្គភាព ដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់។ គាត់បានអនុញ្ញាតអោយខ្ញុំយក រ៉ានី ទៅព្យាបាលនៅអង្គភាព ដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ (ពេលនោះ គេបង្កើតជាស្រុកត្រមូង)។ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ១៩៧៦ ខ្ញុំខិតខំទៅកាន់មន្ទីរពេទ្យតាំងពីមេឃមិនទាន់ភ្លឺ ដើម្បីនាំយក រ៉ានី មកកាន់អង្គភាព។ ពិតជាសំណាងសម្រាប់ រ៉ានី ដែលខ្ញុំបាននាំនាងមក អោយឆ្មបបុរាណកាយទម្លាក់ សុកចេញទាន់ពេល បើពុំនោះទេ នឹងទៅជាក្រឡាភ្លើង និងឈានដល់ស្លាប់មិនខាន។

សម្តេចបញ្ជាក់បន្ថែមថា «ពេលនោះ ទោះបីជាលំបាក តែខ្ញុំបានមើលថែទាំ រ៉ានី ដោយផ្ទាល់ដៃ។ ខ្ញុំមើលថែទាំ និងបម្រើ​ រ៉ានី ដូចថែទាំម្តាយចាស់ មិនត្រឹមតែបាយទឹកទេ សូម្បីតែសម្លៀកបំពាក់ ក៏ខ្ញុំត្រូវបោកគក់ជូនគាត់ដែរ។ ខ្ញុំបានបំពេញមុខងារជាប្តីយ៉ាងពិតប្រាកដ។ ខ្ញុំ​ក្លាយជាអ្នកចេះផ្សំថ្នាំខ្មែរ ដើម្បីសុខភាពរបស់ភរិយា។ អ្វីៗគ្រប់យ៉ាង ខ្ញុំត្រូវធ្វើដោយផ្ទាល់ដៃប្រហែលជាងកន្លះខែ»

សម្តេចលើកឡើងទៀតថា ខ្ញុំតែងលួចយំអាណិតប្រពន្ធ ដែលខំមកតាមប្តីដោយលំបាកវេទនាតែខ្ញុំមិនចង់ឃើញទឹកភ្នែក រ៉ានី ទេ ដូចនេះបានជាខ្ញុំមិននាំគាត់និយាយ ឬរំលឹកពីរឿងកូនស្លាប់ ឬរឿងណា ដែលមិនសប្បាយចិត្តនោះឡើយ។ ទោះបីជាជួបការលំបាកតែនេះជាលើកដំបូង ដែលខ្ញុំបានរស់នៅជាមួយ រ៉ានី លើសពីមួយសប្តាហ៍​ បន្ទាប់ពីរៀបការហើយ។ មកដល់ ខែមករា ឆ្នាំ១៩៧៧ រ៉ានី មានផ្ទៃពោះសារជាថ្មីម្តងទៀត ដែលខុសជាមួយបំណងប្រាថ្នារបស់ខ្ញុំ ព្រោះមិនគួរមានកូនក្នុងកាលៈទេសៈបែបនេះទេ។ ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីវាយពួក ប៉ុលពត ក្នុងពេលដែលភរិយាមានផ្ទៃពោះ ប្រសិនជាការប្រយុទ្ធកើតឡើង តើប្រពន្ធ និងកូនរបស់ខ្ញុំទៅជាយ៉ាងណា?។

សម្តេចគូសបញ្ជាក់ថា «ខ្ញុំចង់រស់នៅជាមួយភរិយាខ្ញុំ តែខ្ញុំមិនចង់ឃើញភរិយា និងកូនខ្ញុំមានគ្រោះថ្នាក់នៅពេលមានការប្រយុទ្ធ​កើតឡើង។ ខ្ញុំបានទៅសុំប្រធាននយោបាយអង្គភាព ដើម្បីបញ្ជូនរ៉ានីទៅធ្វើការនៅមន្ទីរពេទ្យកងទ័ព ដែលមានទីតាំងនៅ ភូមិសំរោង ឃុំដារ ស្រុកមេមត់ ឃ្លាតពីអង្គភាព ខ្ញុំជាង៣០គីឡូម៉ែត្រ។ បែកគ្នាលើកមុនៗត្រូវបានអង្គការ ជាអ្នកបំបែក តែបែកគ្នាលើកនេះខ្ញុំជាអ្នករៀបចំដោយខ្លួនឯង ដើម្បីត្រៀមលក្ខណៈសម្បត្តិវាយពួកបន ប្រល័យពូជសាសន៍ប៉ុល ពត»

សម្តេចលើកឡើងទៀតថា « ខ្ញុំជួប រ៉ានី ចុងក្រោយគឺថ្ងៃ១៨ ខែ មិថុនាឆ្នាំ ១៩៧៧ គឺមុន ២ថ្ងៃដែលខ្ញុំចា កចេញដើម្បីដឹកនាំ ចលនាតស៊ូវាយពួកប៉ុល ពត។ ខ្ញុំបានសម្រេច ចិត្តច្បាស់លាស់ហើយ តែខ្ញុំមិននិយាយប្រាប់ រ៉ានី នោះទេ។ ការមិននិយាយប្រាប់ មិនមានន័យ ថាខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះឡើយ តែបញ្ហាសំខាន់ គឺខ្ញុំមិនចង់ឃើញទឹកភ្នែកភរិយា ខ្ញុំហូរស្រក់មក មិនចង់អោយភរិយាខ្ញុំទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តភ្លាមៗសម្រាប់រឿង មួយដែលមិនទាន់បានកើតឡើងនៅឡើយនោះទេ»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post