header ads

Sponsor

ភ្នំពេញៈ ដើម្បីលើកទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈ និងការផលិតភាពយន្តខ្មែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល សម្រេចសម្រួល និងអនុគ្រោះខាងផ្នែកពន្ធដារ សម្រាប់រយៈពេល៥ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងទិវា “វប្បធម៌ជាតិ ៣មីនា” លើកទី២១ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “អនុញ្ញាតឲ្យព្យួរទុកការអនុវត្តពន្ធកាត់ទុក (១៥%) លើសួយសារនៃទ្រព្យអរូបិយ ការផ្តល់សិទ្ធិបញ្ចាំងខ្សែភាពយន្តផលិតក្នុងស្រុក។ អនុញ្ញាតឲ្យព្យួរពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ។ អនុញ្ញាតព្យួរទុកការអនុវត្តឤករ ពិសេសលើសេវាលំហែកំសាន្ត (១០%) ជូនដល់សិល្បៈសៀកនៃក្រុមហ្វាពន្លឺសិល្បៈខេត្តសៀមរាប។ សហគ្រាសផលិតភាពយន្ត និងសៀកត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារកត់ត្រា និងកាន់កាប់បញ្ជីការគណនេយ្យ ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ព្រមទាំងបំពេញកាតព្វកិច្ចពន្ធដារផ្សេងទៀត ឲ្យបានត្រឹមត្រូវដូចក្រុមហ៊ុនឤជីវកម្មដទៃទៀត ដើម្បីជាការចូលរួមចំណែកពង្រឹងអនុលោមភាពសារពើពន្ធ និងវប្បធម៌ពន្ធនៅកម្ពុជា”។

ជាថ្មីម្តងទៀត សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងារ ដែលក្រសួងវប្បធម៌និង វិចិ្រតសិល្បៈសម្រេចបាន ជាពិសេសមរតកមនុស្សរស់ សិល្បករ ចាស់ទុំ ជាព្រឹទ្ធាចារ្យ និងជាវរៈសិល្បករ ក៏ដូចជា មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៃស្ថាប័នវប្បធម៌ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្ម និងរស់រវើកក្នុងការអភិរក្ស និងអភិវឌ្ឍន៍ សិល្បៈវប្បធម៌ខ្មែរ ឲ្យបានស្ថិតស្ថេរគង់វង្សនិងមានការរីកចម្រើនគួរជាទីមោទនៈ។

ទន្ទឹមនឹងនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត រួមជាមួយក្រុមសិល្បៈយុវជនទូទាំងប្រទេស មកពីបណ្តាគ្រឹះស្ថានមធ្យមសិក្សារាជធានី-ខេត្ត ទាំង២៥ សាកលវិទ្យាល័យទាំង ១១ និងអង្គការ សមាគមសិល្បៈ ទាំង១០ ដែលបានខិតខំប្រឹងប្រែង ក្នុងការតែងនិពន្ធ ដឹកនាំរឿង និងហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសនាពេលនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post