header ads

Sponsor

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការធ្វើចំណាកស្រុករបស់ពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស ដើម្បីស្វែងរកការងារធ្វើនោះ បង្ហាញថា ប្រទេសមានសន្តិភាព ទើបពួកគេអាចធ្វើបាន។

ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីក្រុមប្រឆាំងបានរិះគន់រដ្ឋាភិបាលគ្មានដំណោះស្រាយ ក្នុងការស្វែងរកការងារឲ្យពលរដ្ឋនៅក្នុងស្រុក ទើបមានចំណាកស្រុក ដើម្បីស្វែងរកការងារនៅក្រៅប្រទេសបែបនេះ។

ឆ្លើយតបនឹងការលើកឡើងនេះ លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី៧ មីនានេះថា មតិមួយចំនួន និយាយថា ការដែលមានពលករចំណាកស្រុកពីកម្ពុជាច្រើននៅបរទេស ដោយ សារនៅប្រទេសកម្ពុជា គ្មានសន្តិភាព គឺជាការផ្ទុយស្រឡះ។

លោកបញ្ជាក់ថា "ការនិយាយនេះ មិនត្រឹមត្រូវតាមការពិតទេ ដោយសារតែប្រទេសមានសន្តិភាពហ្នឹងហើយ បានជារាជរដ្ឋាភិបាលមានលទ្ធភាពចេញលិខិតឆ្លងដែនឲ្យពលករចេញទៅក្រៅប្រទេសមានគោលនយោបាយទាក់ទងរកទីផ្សារពលកម្មនៅក្រៅប្រទេសបាន ដើម្បីពល ករមានការងារធ្វើ"

លោកបន្តថា ផ្ទុយទៅវិញបើប្រទេសមានសង្គ្រាមអត់មានពលករចំណាកស្រុករៀបរយ ចេញទៅធ្វើការឯបរទេសទេ ពេលនោះគេហៅថា ជាជនភៀសខ្លួន ឬភៀសសឹក ដែលបណ្តា ប្រទេសមិនទទួលយកនោះទេ។ ដូច្នេះការដែលមានពលករចំណាកស្រុកខ្មែរ បានទៅធ្វើការច្រើន ដោយសារនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងល្អ ជា មួយបណ្តាប្រទេស ទើបបណ្តាប្រទេសយល់ព្រមទទួលយកពលករខ្មែរទៅធ្វើការក្នុងប្រទេសគេ។

លោកក៏បានលើកឡើងថា មិនមែនដូចអតីតគណបក្សប្រឆាំងនិយាយថា រាជរដ្ឋាភិបាលកម្ពុជាអសមត្ថភាពរកការងារឲ្យពលករធ្វើការនៅក្នុងស្រុកបាននោះទេ។ ពួកគេចោទ រាជរដ្ឋាភិ បាលថា ចង់ឲ្យកូនខ្មែរទៅធ្វើខ្ញុំកញ្ជះគេឯបរទេស គឺខុស។

លោក បានបន្ថែមថា ដោយសារពលករចំណាកស្រុកនេះហើយ ទើប៖ទី ១-យើងមានទីផ្សារពលកម្ម ឲ្យពលករចំណាកស្រុកយើងមានការងារធ្វើ។ ទី២- ពលករ មានប្រាក់ចំណូល ដើម្បីយកមកផ្គត់ផ្គង់ក្រុមគ្រួសារលើកកម្ពស់ជីវភាពរស់នៅឲ្យប្រសើរឡើង។ ទី៣-មានចំណូលមកក្នុងប្រទេសរួមចំណែកដល់សេដ្ឋកិច្ចជាតិ។

លោក ក៏បានលើកឡើ​ងថា នៅកម្ពុជាបានចំណូលជាង២០០០លាន ដុល្លារអាមេរិក ក្នុង១ឆ្នាំ ៗ ដោយសារពលករចំណាកស្រុក។ ដូច្នេះសរុបមក ជារឿងធម្មតា ដែលបណ្តាប្រទេសលើពិភពលោក មានពលករចំណាកស្រុកហើយប្រទេសនានាមានពលករចំណាក ស្រុកច្រើនជាងកម្ពុជាផង។ ពលករចំណាកស្រុកនាំផលប្រយោជន៍ ដល់ប្រទេសជាតិ និងពលករផ្ទាល់។

សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ពលករកម្ពុជាបានកំពុងធ្វើការនៅក្រៅប្រទេសជាង១លាននាក់។ រាជរដ្ឋាភិបាលបាន ផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋ បានចំនួន ១ ២៣៤ ១១១នាក់ (ស្រី ៤៩៩ ០៧០នាក់)។

ពលករទាំងនោះទៅធ្វើ ការនៅក្រៅប្រទេសមានដូចជា ៖ ក្នុងប្រទេសថៃមានចំនួន១ ១៤៦ ៦៨៥នាក់ (ស្រី ៤៥៨ ០២៧នាក់) ដោយទទួល បានប្រាក់ឈ្នួលអប្បបរមាចំនួន ៣០៥បាត ទៅ ៣១០ បាត ក្នុង១ថ្ងៃ ឬប្រហាក់ប្រហែលនឹង ៣០០ដុល្លារអាមេរិក ក្នុង១ខែ។

ប្រទេស កូរ៉េមានចំនួន ៤៩ ០៩៩នាក់ (ស្រី ១០ ៤០៣នាក់) ដោយទទួលបាន ប្រាក់ឈ្នួលអប្បបរមា ជាង ៥០០០វ៉ុន ក្នុង១ខែ​ ឬប្រហាក់ប្រហែលនឹង ១ ២០០ដុល្លារអាមេរិក ក្នុង១ខែ។ ប្រទេសជប៉ុនមានចំនួន ៧ ៣១៣នាក់ (ស្រី ៣ ៨៦៧នាក់) ដោយទទួលបានប្រាក់ឈ្នួលជាមធ្យម ប្រមាណជា ១.៥០០ដុល្លារ អាមេរិក ក្នុង១ខែ។ ប្រទេសម៉ាឡេស៊ីមានចំនួន ៣០ ១១៣នាក់ (ស្រី ២៥ ៨៧២នាក់) ដោយទទួលបាន ប្រាក់ឈ្នួលអប្បបរមាប្រមាណជា ៣០០ដុល្លារ អាមេរិក ក្នុង១ខែ។ប្រទេសសិង្ហបុរី មានចំនួន ៨៣១នាក់ (ស្រី ៨៣១នាក់) ដោយទទួលបានប្រាក់ ឈ្នួលអប្បបរមាប្រមាណ ៤៥០ដុល្លារអាមេរិក ក្នុង១ខែ។ តំបន់រដ្ឋបាលពិសេសហុងកុង ទើបចាប់ផ្តើមបញ្ជូនពលការិនីបាន ចំនួន ៥៤នាក់ ដោយទទួលបានប្រាក់ឈ្នួល ៥៥០ដុល្លា រអាមេរិក ក្នុងមួយខែ។ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ទើបចាប់ផ្តើមបញ្ជូនពលការិនី បាន ចំនួន១៦នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណ ៣០០ដុល្លារអាមេរិក ក្នុង១ខែ។

លោករដ្ឋមន្ត្រីក៏បានឲ្យដឹងទៀតថា នៅក្នុង១ឆ្នាំៗ ពលករយើងបានផ្ញើថវិកាជូនក្រុម គ្រួសារបាន ប្រមាណជាង ២,៣ប៊ីលានដុល្លារអាមេរិក ព្រមទាំងទទួលបាននូវមុខ ជំនាញ វិជ្ជាជីវៈ ពេលត្រឡ​ប់មកវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post