header ads

Sponsor

ភ្នំពេញៈ បុរសអ្នកលេងចាក់សាក់ពេញម្នាក់ ត្រូវបានគូទំនាស់ដែលប្រដាប់ដោយកាំបិតសាំម៉ូរ៉ៃតាមកាប់បណ្តាលឲ្យដាច់ត្រឹមប្រអប់កដៃលើធ្លាក់ដី គួរឲ្យរន្ធត់ញាក់សាច់ ហើយជនដៃដល់ក៏គេចខ្លួនបាត់ភ្លាមៗនោះផងដែរ។

ហេតុការណ៍តាមកាប់ចាក់គ្នាដូចក្នុងចិនហុងកុងនោះ បានកើតឡើងនៅថ្ងៃអង្គារ៍ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងទី១២ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង១១យប់ នៅចំណុចតំបន់មិនរៀបរយ ស្ថិតខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត ក្នុងភូមិ២១ ផ្លូវលេខ៨០សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេកាប់ដាច់ត្រឹមប្រអប់កដៃស្តាំនោះមានឈ្មោះ យស់ គន្ធា ភេទប្រុស អាយុ៣៦ឆ្នាំ ពុំមានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួល នៅម្តុំសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកជនដៃដល់(ជនល្មើស) ត្រូវគេស្គាល់ថា ឈ្មោះ មាស សុភា អាយុ៣៥ឆ្នាំ ស្នាក់នៅម្តុំផ្លូវ៧០ ភូមិ២១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ (គេចខ្លួនបាត់)។

ប្រភពព័ត៌មានពីកន្លែងកើត បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមជនអ្នកលេងដែលសុទ្ធតែចាក់សាក់ពេញៗខ្លួនមិនដឹងថាពួកគេចេញពីផឹកស៊ីមានទំនាស់គ្នាពីកន្លែងណានោះទេ ដែលភាគីទាំងសងខាងឃើញសុទ្ធតែមានកាន់កាំបិតសាំម៉ូរ៉ៃដូចគ្នា បានរត់មកកាប់ចាក់គ្នានៅចំណុចកើតហេតុដែលរត់ឈូឆដេញកាប់គ្នាដូចក្នុងរឿងចិនហុងកុងទៅហើយបានធ្វើឲ្យភាគីម្ខាង(ខាងរងគ្រោះ) នោះគឺត្រូវដាច់ប្រអប់កដៃស្តាំម្ខាងដាច់ធ្លាក់ដីដែលមើលទៅគួរឲ្យព្រឺញាក់សាច់តែម្តង។

ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍នោះ គេឃើញភាគីខាងរងគ្រោះបើទោះបីខ្លួនត្រូវគេកាប់ដាច់ប្រអប់កដៃម្ខាងធ្លាក់ដីបាត់ហើយហាក់ដូចជាជនរងគ្រោះរូបនោះមិនបាក់ស្លុតស្មារតីបន្តិចសោះឡើយ នៅតែរត់ដេញតាមកាប់ភាគីបង្កវិញ តែដេញមិនទាន់ក៏ភាគីបង្កនោះគេចខ្លួនបាត់តែម្តង។ បន្ទាប់មកក៏ត្រូវបានបក្ខពួកនាំគ្នារើសយកប្រអប់កដៃនោះហើយនាំមកកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីគ្រូពេទ្យអាចជួយសង្រ្គោះដេរដៃដែលដាច់នោះបានមកវិញ។ ប៉ុន្តែទោះជាយ៉ាងណាគ្រូពេទ្យមិនអាចតភ្ជាប់ដៃដែលដាច់នោះមកវិញបានឡើយ (ពោល)គឺត្រូវពិការដៃនោះមួយជីវិតហើយ។

ពាក់ព័ន្ធនឹងហេតុការណ៍ក្រុមអ្នកលេងចាក់សាក់កាប់ចាក់គ្នានោះដែរ ត្រូវបានគេសង្ស័យថា អាចជារឿងពាលស៊ីពាលហើយបានជាពួកគេតាមមកសងសិកគ្នាដូច្នេះនោះ។ ចំណែកប៉ូលិសមូលដ្ឋានវិញ បានបញ្ជាក់ថា ចំពោះរឿងហេតុនេះនៅមិនទាន់ច្បាស់ការថាវាផ្តើមចេញពីរឿងហេតុអ្វីឡើយទេ ព្រោះភាគីរងគ្រោះកំពុងហាក់ដូចជាលាក់លៀមរឿងហេតុនេះ។ តែទោះយ៉ាងណាកម្លាំងសមត្ថកិច្ចជំនាញតាមស្រាវជ្រាវចាប់ជនដៃដល់រូបនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post