Homeព័ត៌មានជាតិ ផ្ទុះអាវុធ២គ្រាប់ ក្នុងវត្តឫស្សីស្រស់ ធ្វើឲ្យព្រះសង្ឃ និងតាជីយាយជី ភិតភ័យញាប់ញ័រ ទាំងយប់ 3/13/2019 01:08:00 PM ភ្នំពេញៈ មានករណីផ្ទុះអាវុធ២គ្រាប់ នៅក្នុងវត្តឫស្សីស្រស់ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៩៖២០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងតាជីយាយជី ភិតភ័យញាប់ញ័រទាំងយប់។ បើតាមប្រភពពីព្រះសង្ឃ ដែលគង់នៅក្នុងប្ញស្សីស្រស់ មានសង្ឃដីកាប្រាប់ឲ្យភ្នាក់ងារសារព័ត៌មានខេមប៉ុស្តិ៍ ឲ្យដឹងថា មុនពេលកើតហេតុ ឃើញមានម៉ូតូ៣គ្រឿង មានគ្នា៥នាក់ ស្លៀកពាក់ស៊ីវិល បានជិះចូលមកក្នុងវត្ត តាមក្លោងទ្វាខាងកើត រួចធ្វើសកម្មភាព វាយទៅលើបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បណ្តាលឲ្យបែកក្បាល រួចហើយមានម្នាក់ ក្នុងចំណោម៥នាក់ បានដកកាំភ្លើងបាញ់ភ្ជុចដី២គ្រាប់ តែផ្ទុះ១គ្រាប់ ចំណែក១គ្រាប់ទៀតធ្លាក់លើដី។ ប្រភពដដែលបន្តថា បន្ទាប់ពីធ្វើសកម្មភាពវាយ និងផ្ទុះអាវុធរួច ក្រុមស៊ីវិលទាំង៥នាក់នោះ បាននាំខ្លួនជនសង្ស័យឡើងលើម៉ូតូជិះចេញទៅបាត់។ ប៉ុន្តែមុននឹងជិះចេញទៅ ព្រះសង្ឃក្នុងវត្តបាន សួរថា ញោមយកជនសង្ស័យទៅណា រួចហើយក្រុមខ្មាន់កាំភ្លើង បានឆ្លើយថា យកទៅកាន់ប៉ុស្តិ៍និរោធ។ បើតាមសម្តីសមត្ថកិច្ចប៉ុស្តិ៍និរោធវិញ បានឲ្យដឹងថា ពិតជាមានករណីផ្ទុះអាវុធក្នុងវត្តប្ញស្សីស្រស់ ពិតប្រាកដមែន តែពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ គឺឃើញតែសម្បកគ្រាប់១គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ១គ្រាប់ ហើយក៏មិនបានយកជនរងគ្រោះមកកាន់ប៉ុស្តិ៍ដែរ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំពោះខ្មាន់កាំភ្លើង ដែលផ្ទុះអាវុធ និងបានយកជនរងគ្រោះទៅណានោះ សមត្ថកិច្ចក៏មិនទាន់ដឹងនៅឡើយទេ ហើយក៏មិនដឹងថា សមត្ថកិច្ចខាងណាឲ្យប្រាកដទេ។ ពាក់ព័ន្ធករណីខាងលើនេះដែរ មន្ត្រីសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានឲ្យដឹងដែរថា ពេលកម្លាំងលោកទៅដល់ក្នុងវត្តឫស្សីស្រស់ គឺឃើញតែព្រះសង្ឃប៉ុន្មានអង្គ និងស្នាមផ្ទុះអាវុធប៉ុណ្ណោះ នៅកន្លែងកើតហេតុ តែក្រោយមក ក៏ឃើញមានមួកមួយ ប្រលាក់ឈាមថ្មីៗផង ទើបសមត្ថកិច្ចអាវុធហត្ថខណ្ឌច្បារអំពៅ យកមករក្សាទុក រួចធ្វើកំណត់ហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ត ដោយមិនទាន់អាចសន្ឋិដ្ឋានថា ជាករណីអ្វីនៅឡើយទេ។ ក្រោយកើតហេតុ ព្រះថេរានុថេរៈជាច្រើនព្រះអង្គ ដែលគង់នៅក្នុងវត្តឫស្សីស្រស់ បានសម្តែងការព្រួយបារម្ភ និងសំណូមពរដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយស្វែងរកខ្មាន់កាំភ្លើង ដែលផ្ទុះអាវុធនៅក្នុងវត្តទាំងយប់នោះផង តើជាសមត្ថកិច្ចខាងណាឲ្យពិតប្រាកដ ដើម្បីកុំឲ្យបង្កការភ័យខ្លាចដល់សង្គម៕ ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត! លោកអ្នកអាចបញ្ចេញមតិនៅទីនេះ! Feature Ads Tags ព័ត៌មានជាតិ វីដេអូព័ត៌មាន