header ads

Sponsor

កំពង់ស្ពឺៈ រថយន្តដឹកដើមធ្នង់ពេញប្រៀបមួយគ្រឿង ដែលគេដឹងថា ជារបស់មេឈ្មួញល្បីឈ្មោះប្រចាំតំបន់ឱរ៉ាល់ និងស្រុកថ្ពង បានក្រឡាប់ផ្ងារជើងចាក់ដើម​ធ្នង់ចោលអែបផ្លូវជាតិលេខ៤៤ គ្មានសមត្ថកិច្ច និងជំនាញណាហ៊ានមកក្បែរនោះទេ ដោយសារតែមេឈ្មួញល្បីឈ្មោះរូបនោះ បានដាក់ថ្នាំសណ្តំដេកលក់អស់ហើយ។

ហេតុការណ៍រថយន្តស្ទូចដឹកដើមធ្នង់ក្រឡាប់ សង្ស័យអ្នកតាព្រៃភ្នំកាច់នេះ បានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៨-៩៩ ចំណុចភូមិក្រាញវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់ប្រជាពលរដ្ឋ បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កហេតុដោយខ្លួនឯង គឺរថយន្តស្ទូចចំណុះ២តោនកន្លះ ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-4922 ដែលផ្ទុកទៅដោយដើមធ្នង់ (ជាប្រភេទឈើប្រណីតកម្រណាស់) ជាច្រើនដើម ដែលគេស្គាល់ និងដឹងច្បាស់​ថា ជាឈើរបស់មេឈ្មួញល្បីល្បាញឈ្មោះម្នាក់ប្រចាំតំបន់ឱរ៉ាល់ និងស្រុកថ្ពងតែម្តង។

តាមប្រភពពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ​ គាត់បានឃើញរថយន្តខាងលើ បើកតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីលិចទៅកើត លុះពេលមកដល់ចំណុចភូមិឃុំខាងលើ បានរេចង្កូតក្រវីពេញផ្លូវតែម្នាក់ឯង ដោយទប់នឹងលំនឹងមិនបាន ក៏ក្រឡាប់ផ្ងារជើងតែម្តង ប៉ុន្តែមិនបណ្តាលឲ្យ​គ្រោះថ្នាក់ដល់តៃកុង និងអ្នករួមដំណើរនោះទេ។

តាមប្រភពព័ត៌មាន​ដដែល បន្តទៀតថា រថយន្តដែលដឹកដើមធ្នង់ពេញប្រៀបនេះ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាតិលេខ៤៤នេះរហូត ហើយក្រុមឈ្មូញទាំងនេះ តែងតែដើរដាក់កូនចៅឲ្យដើរគាស់គ្រប់ទីកន្លែងមិនថា ព្រៃបម្រុង ឬព្រៃសហគមន៍នោះទេ ជាពិសេសនោះ គឺជីកគាស់ពីក្នុងតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលក្រោមការគ្រប់គ្រងរបស់លោក ខន សុខខុន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តែម្តង ដែលយកលេសថា ទិញពីប្រជាពលរដ្ឋទៅវិញ។ ដល់ពេលកូនចៅគាស់បានគ្រប់ចំនួន ដែលរថយន្តផ្ទុកបាន  ឬគាស់ដាក់ជាច្រើនគំនរ ទើបមេឈ្មួញមកយកម្តង ការដឹកជញ្ជួននេះដែរ ពេលខ្លះដឹកតាមគោយន្តកន្ត្រៃ ដើម្បីបំបាំងភ្នែកប្រជាពលរដ្ឋ និងសមត្ថកិច្ចមន្ត្រីជំនាញតាមដងផ្លូវ។

ក្រោយហេតុការណ៍ក្រឡាប់រថយន្តខាងលើនេះដែរ ពុំបានរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះឡើយ។ ដែលគេដាក់ការសង្ស័យថា មានការឃុបឃិតជាលក្ខណៈជាប្រពន្ធ័ ទើបមេឈ្មួញល្បី​ឈ្មោះរូបនោះ អាចរកស៊ីដឹកជញ្ជូនដើមធ្នង់ចេញ និងឆ្លងកាត់ទាំងថ្ងៃ ដោយរលូនបែបនេះបាននោះ។

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិ ជាពិសេសដើមធ្នង់ជាឈើប្រណី​តកម្រមាន ប្រសិនបើបណ្តែតបណ្តោយមិនទប់ស្កាត់ទេ ច្បាស់ជារលាយព្រៃឈើអស់ពីក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ជាក់ជាមិនខានឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post