
តាមការបញ្ជាក់ពីស្រ្ដីម្នាក់ មិនដឹងជាប្រពន្ធ ឬជាបងស្រីរបស់លោក អាន វិសាល បានប្រាប់មកក្រុមការងារ CAM POST ឲ្យដឹងថា រឿងរ៉ាវដំបូង លោក អាន វិសាល បានចេញពីហាងមួយកន្លែង ដែលគាត់ច្រៀង ហើយក៏បានធ្វើដំណើរ ដោយជិះម៉ូតូ CD មួយគ្រឿង ធ្វើដំណើរដល់ផ្លូវ 113 ក៏បានចុះទៅទិញអីវ៉ាន់ចាប់ហួយហូប បន្ទាប់មកក៏ស្រាប់តែក្រុមក្មេងស្ទាវជិះម៉ូតូមកដល់ជិតគាត់ ហើយបើករេពេញផ្លូវ លោក អាន វិសាល បានប្រាប់ថា អូនបើកម៉ូតូប្រុងប្រយ័ត្ន កុំបើករេចឹង ប្រយត្ន័ប៉ះគេ ស្រាប់តែក្មេងស្ទាវនោះ ខឹងជិះមកឈប់មុខតូបលក់អីវ៉ាន់មួយកន្លែងនៅកែងនឹងផ្លូវ 113 ដែលគេស្គាល់ថា ជាកន្លែងម្ដាយក្មេងស្ទាវនោះ បន្ទាប់មកក្រុមក្មេងស្ទាវនោះ ក៏ដើរចូលកន្លែងលក់អីវ៉ាន់រួច ទាញញញួរមកវាយលើលោក អាន វិសាល ចំក្បាលពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់។
ស្រ្តីខាងលើ បន្តថា ក្រោយមកក្រុមក្មេងស្ទាវនោះ ប្រុងលើកញញួរវាយថែមទៀត គាត់បានចូលទៅជួយ ស្រាប់តែក្មេងស្ទាវ បានវាយគាត់ទៀតផង រួចហើយក្រុងក្មេងស្ទាវទាំងនោះ ក៏បានរត់គេចពីកន្លែងកើតហេតុបាត់ទៅ ហើយគាត់បានហៅរថយន្តដឹកលោក អាន វិសាល ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះមកដល់ ហើយបានប្រាប់ឲ្យបងស្រីម្នាក់ ដែលជួយលោក អាន វិសាល ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាល ដើម្បីងាយស្រួលដល់សមត្ថកិច្ច ចុះរកក្រុមក្មេងស្ទាវនោះ ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់ផ្លូវច្បាប់៕










