header ads

Sponsor

ភ្នំពេញៈ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ ក្នុងនោះ២នាក់ធ្លាក់ចូលប្រឡាយទឹក និងម្នាក់ទៀតនៅក្រោមគំនរដែក ខណៈដែលមនុស្សប្រុសស្រី២នាក់ទៀត រងរបួសធ្ងន់ ដែលមានស្ត្រីពោះធំម្នាក់​ផងដែរ​ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយ រវាងរថយន្តកុងតឺន័រដឹកដែក បើកបុកជាមួយរថយន្តកាមរីឆ្លាម រុញទម្លាក់ទឹកប្រឡាយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទីព្រឹកព្រលឹម​ ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចព្រៃគយ​ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ ជាប់ព្រំប្រទល់ជាមួយភូមិត្រពាំងរំពាក់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល​។

សមត្ថកិច្ចបានបញ្ជាក់ថា​ ករណីគ្រោះថ្នាក់ខាងលើ បង្កឡើងដោយរថយន្តកុងតឺន័រ ពណ៌ខៀវ សណ្តោងកន្ទុយ​ ដឹកដែករាប់សិបតោន ពាក់ស្លាកលេខ ភ្នំពេញ 3D-9712 ពាក់ស្លាកលេខ ព្រះសីហនុ 4A-1444 ដឹកដែក អ្នកបើកបរស្លាប់កប់ក្រោមគំនរដែក។

ដោយរថយន្តខាងលើ បានបើកតាមបណ្តោយផ្លូវជាតិលេខ៤​ ពីកើតទៅលិច ២នាក់ប្តី-ប្រពន្ធ ក្នុងល្បឿនលឿន លុះដល់ចំណុចខាងលើ បានបុកជាមួយរថយន្តកាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2H-2239 បើកពីលិចទៅកើតច្រាសទិសគ្នា ដែលជិះគ្នា៣នាក់ ស្លាប់២នាក់ រងរបួសធ្ងន់១នាក់ រុញទៅធ្លាក់ទឹកប្រឡាយទាំង២គ្រឿង បុកបាក់ទាំងដើមអំពិលទឹកមួយដើម ចំណែកឯរថយន្តទាំង២គ្រឿងខ្ទេចស្ទើទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញខណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យជាក់ស្តែង ហើយប្រគល់ជូនការិយាល័យចរាចរណ៍ជើងគោកក្រុង ដើម្បីរកវិធីសាស្រ្តអូសរថយន្តឡើង និងយកសាកសពចេញពីក្នុងទឹក និងចេញពីគំនរដែក រួចធ្វើកំណត់ហេតុ​ឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា​ ដើម្បីរងចាំស្រាវជ្រាវរកសាច់ញាតិ​។

ចំណែកឯជនរងរបួសចំនួន២នាក់ ម្នាក់ស្រី ជាប្រពន្ធរបស់អ្នកបើកបររថយន្តកុងតឺន័រ និងម្នាក់ទៀតប្រុស ភាគីខាងរថយន្តកាមរីឆ្លាម ត្រូវបានរថយន្តគ្លីនិក សុធារិទ្ធបែកចានដឹកយកទៅសង្រ្គោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post