header ads

Sponsor

​ភ្នំពេញៈ យុវជន២នាក់ ជិះកង់បីឥណ្ឌា(Pass App) ចេញពីក្លិបរ៉េន Rain លុះមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែក្មេងស្ទាវ​មួយក្រុម មានគ្នាប្រហែលជិត១០ម៉ូតូ ​ប្រដាប់ដោយដុំថ្ម​ និងខ្សែក្រវ៉ាត់ ជិះមកតាមពីក្រោយ មកធ្វើសកម្មភាព​គប់ទៅលើយុវជនទាំង២នាក់នោះ​ បណ្ដាលឲ្យយុវជនម្នាក់ ត្រូវចំថ្គាមមួយដុំថ្ម សន្លប់ស្ដូកស្ដឹង​លើកង់បី ហើយម្ចាស់កង់បី ​និងយុវជនម្នាក់ទៀត ស្ទុះរត់ចូលផ្ទះ​លក់ចាប់ហួយ ​រួចដេញតាមវាយគប់ដល់មុខផ្ទះ បណ្ដាលឲ្យត្រូវម្នាក់មួយដុំថ្ម​ និងត្រូវស្រី្តម្ចាស់ផ្ទះរងរបួសទៀត ហើយរត់ចេញមកវិញ​នាំគ្នាលួចយកទូរស័ព្ទនៅលើកង់បី​ និងយកទាំងសាំងទៅ៤ដបទៀត​ រួចជិះគេចខ្លួនបាត់ដោយសុវត្តិភាព​ បង្កការភ្ញាក់ផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម​ ចុះអន្តរាគមន៍ផងដែរ។

ករណីហិង្សាឆ្លៀតលួចយកទ្រព្យសម្បត្តិនេះ​ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាលពីវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃពុធ​ ទី៦ ខែកុម្ភៈ​ ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលក់ចាប់ហួយមួយកន្លែង​ ទល់មុខរោងចក្រ​ ជិនមីយ៉ុង ស្ថិតតាមផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

បើសម្ដីយុវជនរងគ្រោះទាំង២នាក់ បានរៀបរាប់ប្រាប់ថា​ នៅមុនពេលកើតហេតុ​ ពួកគេទាំង២នាក់ បានចូលក្លិបមួយឈ្មោះថា “​រ៉េនក្លិប RAIN CLUB” នៅចាក់អង្រែក្រោម​ ដែលមានចម្ងាយប្រហែល១គីឡូម៉ែត្រ​ ពីចំណុចកើតហេតុខាងលើ​ ហើយបានហៅស្រាបៀរមកផឹក រាំលេងកម្សាន្ត ដោយមិនបានប៉ះពាល់អ្នកណានោះទេ​។

យុវជនខាងលើបន្តថា​ បន្ទាប់ពីផឹកនិងរាំកម្សាន្តរហូតអស់ស្រា​ ពួកគេក៏បបួលគ្នា ត្រលប់ទៅផ្ទះវិញ ដោយហៅកង់បីឥណ្ឌា(Passapp)​ មួយគ្រឿង​ ពណ៌លឿង​ ពាក់ស្លាកលេខ ភ្នំពេញ​ 1AC-0257 ដែលនៅចាំដឹកអ្នកដំណើរនៅខាងមុខក្លិបនោះស្រាប់​ រួចក៏ឡើងជិះចេញទៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង។

លុះពេលដើរមកជិតដល់ចំណុចកើតហេតុនោះ​ ស្រាប់តែឃើញក្មេងស្ទាវមួយក្រុម មានគ្នាច្រើន ជិះម៉ូតូជិត១០គ្រឿង ជិះតាមមកពីក្រោយ រួចងាកមើលពួកគាត់​ ហើយក៏ជិះទៅបាត់អស់ទៅ​ ទើបអ្នកបើកកង់បី​ បន្តដំណើរទៅមុខបានបន្តិចក៏អែបស្ដាំដៃឈប់មុខផ្ទះលក់ចាប់ហួយកើតហេតុខាងលើ​ ស្រាប់តែបន្តិចក្រោយមក​ ក្រុមក្មេងស្ទាវ​ទាំងនោះ​ ត្រលប់មកវិញ​ ប្រដាប់ដោយខ្សែក្រវ៉ាត់ និងដុំថ្ម​ ដុំឥដ្ឋ គ្រប់ៗគ្នា​ រួចជិះមកគប់សំដៅលើ​កង់បីនោះ​តែម្ដង​ បណ្ដាលឲ្យកង់បីបែកកញ្ចក់ខាងមុខ និងខាងក្រោយខ្ទេច​ និងយុវជនម្នាក់ត្រូវមួយដុំថ្ម ចំថ្គាមរងរបួសសន្លប់ស្ដូកស្ដឹង​លើកង់បី ហើយម្ចាស់កង់បី​និងយុវជនម្នាក់ទៀត ស្ទុះរត់ចូលផ្ទះ​លក់ចាប់ហួយ ​រួចដេញតាមវាយគប់ដល់មុខផ្ទះ បណ្ដាលឲ្យត្រូវម្នាក់មួយដុំថ្ម​ និងត្រូវស្រី្តម្ចាស់ផ្ទះរងរបួសជើងខាងឆ្វេងផងដែរ។

លុះពេលក្រុមក្មេងស្ទាវទាំងនោះរត់ចេញមកវិញ​ បានលួចយកទូរស័ព្ទមួយគ្រឿង​ដែលដោតសាកថ្ម នៅជាប់ដៃចង្កូតលើកង់បី​ និងយកទាំងសាំងទៅ៤ដបទៀត​ រួចជិះគេចខ្លួនបាត់អស់ពីកន្លែងកើតហេតុ​ ធ្វើឲ្យស្ត្រីម្ចាស់ផ្ទះលក់ចាប់ហួយ​ឡាំប៉ា​អោយអ្នកបើកកង់បី និងជនរងគ្រោះទាំង២នាក់នោះ ជួយចេញថ្លៃលាងរបួស​អោយផង​ បង្កការផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពីកើតហេតុ​ ជនរងគ្រោះ​ទាំង៣នាក់នោះ​ មិនដាក់ពាក្យបណ្ដឹងអ្វីទេ​ ដោយសុំទុកទូរស័ព្ទនៅម្ចាស់ផ្ទះសិន​ ចាំស្អែកចាំយកលុយមកសង រួចក៏ឡើងជិះកង់បីដដែលនោះ​ចេញទៅ​ និងសុំឲ្យកម្លាំងល្បាត ជួយជូនឲ្យផុតពីមូលដ្ឋាន ដោយសុវត្តិភាព​ ហើយត្រលប់មកល្បាតតាមភូមិសាស្ត្រដដែល។

សូមបញ្ជាក់ថា​ ចំពោះក្លិបកំសាន្តរ៉េន(Rain) កន្លងទៅក៏មាន​ បុរសម្នាក់ បានស្នើសុំដល់អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម និងខណ្ឌមានជ័យ សុំឲ្យចុះទៅពិនិត្យក្លឹបឌីស្កូរ៉េន (Rain Club) ដែលបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងជុំវិញ បរិស្ថានក្នុងការរស់នៅមិនអាចទ្រាំបាន ក្នុងមូលហេតុដែលថា ភ្ញៀវដែលបានចូលរាំលេងកម្សាន្តនៅក្នុងក្លឹបនេះ បានជុះនោមដាក់លើផ្លូវ ជញ្ជាំង និងរបងផ្ទះព្រមទាំងបន្ទោបង់ ជាពិសេសបង្កជាសំឡេងហ៊ោកញ្រៀវ បំពងសំឡេងចេញមកក្រៅ រហូតដល់ម៉ោង៣ភ្លឺ មិនអាចដេកពួនបានឡើយ។

ខណៈដែលលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៏បានចុះទៅពិនិត្យជាក់ស្តែង ឃើញថាក្លឹបពិតជាមានការរំខាន និងគ្មានសុវតិ្ថភាពនោះទេ ។ លោកថា លោកបានធ្វើការណែនាំដល់ថៅកែក្លឹប ឲ្យធ្វើការកែសម្រួលឡើងវិញជាបន្ទាន់ ដោយតម្រូវឲ្យម្ចាស់ទីតាំងក្លឹបនេះ កែសម្រួល​ច្រកសុវតិ្ថភាព​ឲ្យបានចំនួនពីរទ្វារ និងដាក់អំពូលភ្លើង​ស្វ័យប្រវត្តិ​ (Auto) ។ លោកថា ធ្វើបែបនេះ គឺចៀងវាងបើមានបញ្ហាអគ្គិភ័យកើតឡើង គឺមានទ្វារសុវតិ្ថភាព សម្រាប់ចេញ និងអំពូលភ្លើងស្វ័យប្រវត្តិនោះជួយបំភ្លឺផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post