header ads

Sponsor

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃពិចារណា ជាមួុយនឹងការដាក់ចេញជាវិធានការកំណែទម្រង់លើការប្រឡងប្រណាំង  ចំពោះការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ពោលគឺចាប់ពីឆ្នាំ២០១៩នេះទៅយើងនឹងប្រគល់រង្វាន់ជូនអាជ្ញាធរមានសមត្ថកិច្ចថ្នាក់រាជធានី ខេត្ត  ស្រុក ខណ្ឌ ដោយផ្តល់រង្វាន់ជូនចាប់ពីលេខ១ដល់៣ ឬដល់៥ប៉ុណ្ណោះដើម្បីលើកទឹកចិត្តដល់អ្នកធ្វើ មានន័យថាអ្នកធ្វើបានរង្វាន់ ហើយអ្នកដែលមិនធ្វើ ឬអ្នកធ្វើមិនទាន់បានល្អគឺអត់មានរង្វាន់ទេ។         

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់បែបនេះកាលពីរសៀល១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងទី១៩ ខែមីនា ឆ្នាំ២០១៩នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ លោក លោកស្រី ជាអភិបាលរងរាជធានី មន្ត្រីរដ្ឋបាលរាជធានី ប្រធានតុលាការដំបូង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ស្នងការរាជធានីអភិបាលខណ្ឌ-អភិបាលរងខណ្ឌទាំង១២ មេបញ្ជាការខណ្ឌ អធិការខណ្ឌទាំង១២ ចៅសង្កាត់ នាយប៉ុស្តិ៍ទាំង១០៥ ព្រមទាំងប្រធានមន្ទីរចំណុះជំនាញជុំវិញរដ្ឋបាលរាជធានី សរុបប្រមាណ៤៥០នាក់។

សម្តេចក្រឡាហោម ក្នុងឱកាសនោះក៏បានប្រកាសពីការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការហាមឃាត់រថយន្តធំ មិនឲ្យចូលក្រុង ដោយសម្តេចស្នើឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អនុវត្តឲ្យបានតាំងរឹងជាមួយនិងការ សហការជាស្ថាប័នជំនាញ ចុះត្រួតពិនត្យលើអ្នកបើកបររថយន្តធំ ដើម្បីធ្វើតេស្តរកសារធាតុញៀន ដោយហេតុថា បើតាមការប៉ាន់ប្រមាណរបស់សម្តេចក្រឡាហោម អ្នកបើករថយន្តធំៗ ដឹកទំនិញ អាចមានផ្ទុកនូវសារធាតុញៀនយ៉ាងតិច១០ភាគរយ ដែលនេះហើយជាដើមចមបង្កអោយមានការគ្រោះថ្នាក់ចរាចរណ៍និងការមិនគោរពច្បាប់ចរាចរជាដើម។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនិងលើកទិសដៅការងារឆ្នាំថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយរបស់រដ្ឋបាលរាជធានីធ្វើយ៉ាងណាអោយមូលដ្ឋានទាំងមូលមានការ អភិវឌ្ឃន៍រីកចំរើន រួមទាំងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ ទទួលបានភាពល្អប្រសើរ ពិសេសធ្វើយ៉ាងណាអនុវត្តអោយបាន៩ចំណុចវដែលធ្វើឲ្យភូមិ-ឃុំមានសុវត្ថិភាព។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញនេះបានប្រើប្រាស់រយៈពេល២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០១៩ ក្នុងរយរយៈពេលនោះបានជ្រើសរើសប្រធានបទចំនួន៤ចំណុចមកពិភាក្សា ស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយ ដើម្បីយកមកអនុវត្តការងារនៅឆ្នាំ២០១៩អោយបានល្អ ក្នុងនោះរួមមាន ការពិភាក្សាលើគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពនិងបញ្ហាចរាចរ បញ្ហាអនាម័យ បរិស្ថាន បញ្ហាសំរាម ការសម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បញ្ហាប្រឡាយលូនិងសំណង់ខុសច្បាប់ជាដើម។

លោកឃួង ស្រេងបន្តថា ក្រោយការប្រជុំពិភាក្សា អង្គសន្និបាតបានឯកភាពអនុវត្តការងារនៅក្នុងឆ្នាំ២០១៩ ចំនួន៤ចំណុចក្នុងនោះរួមមានការអនុវត្ត រិតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនិងធ្វើឡើងអោយដូចភ្លៀងរលឹម ។ទី២ ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមច្រកចេញចូលតែមួយត្រូវតែធ្វើឡើងឲ្យបានល្អប្រសើរ និងបន្តសូមការគាំទ្រពីក្រសួងមហាផ្ទៃលើការផ្តល់សេវាតាមប្រព័ន្ធអនឡាញ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ។ទី៣ ការធ្វើប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ និងទី៤ ការមិនអនុញ្ញាតឲ្យប្រើប្រាស់អក្សរបរទេស ពីលើអក្សរខ្មែរនៅតាមបណ្តាប៉ាណូផ្សាយពាណិជ្ជកម្មក៏ដូចជាស្លាកយីហោផ្សេងៗទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post