header ads

Sponsor

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ខណៈដែលបុរសម្នាក់ កំពុងជិះម៉ូតូតែម្នាក់ឯង ក៏ត្រូវរថយន្តដឹកដីមួយគ្រឿង បើកបរក្នុងល្បឿនលឿនបែកកង់ រេចង្កូតមកបុកពេញទំហឹង កិនអូសដាច់ជើង ក្រឡាប់រថយន្តចាក់គំនរដីសង្កត់ពីលើបន្ថែមទៀត បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ នៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សពជនរងគ្រោះដែលស្លាប់យ៉ាងរន្ធត់ខាងលើនេះមានឈ្មោះ គុំ ភារុន ភេទប្រុស អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ។ ចំណែកអ្នកបើកបររថយន្តបង្ក មិនទាន់ស្គាល់ឈ្មោះនោះទេ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ តែម្នាក់ឯង លុះដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួន ក៏មានរថយន្តបង្កដឹកដីមួយគ្រឿង បើកបរលឿនខ្លាំងខ្វះការប្រុងប្រយត្ន័ បានបែកកង់រេចង្កូតមកបុកនឹងម៉ូតូជនរងគ្រោះទាំងកំរោល បណ្តាលអោយអ្នកបើកម៉ូតូដាច់ជើងម្ខាង ហើយរថយន្តបង្កបានក្រឡាប់ចាក់ដីសង្កត់មកលើជនរងគ្រោះនិងម៉ូតូបន្ថែមទៀត បណ្តាលអោយស្លាប់យ៉ាងរន្ធត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តបង្ក រួមនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពអោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post