header ads

Sponsor

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិងនីតិសាស្រ្ត បានប្រកាសជាថ្មីថា កម្ពុជា មិនមានភាពចាំបាច់ ដែលត្រូវកែរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឲ្យមានការបង្កើតច្បាប់ប្រហារជីវិតនោះទេ។

សម្តេចនាយករដ្ឋមន្រ្តី សម្រេចលុបចោលបំណងនេះ ក្រោយទទួលបានការផ្តល់មតិជាច្រើន ជាពិសេសពីអ្នកវិភាគនិងច្បាប់ ដែលភាគច្រើនពួកគេ មិនចង់ឲ្យមានច្បាប់ប្រហារជីវិតនៅកម្ពុជា ហើយចំណុចដែលប្រមុខរដ្ឋាភិបាល បារម្ភបំផុតនោះ គឺខ្លាចតុលាការ កាត់ទោសប្រហារជីវិតមនុស្សច្រឡំ៕

សូមជម្រាបជូនថា កាលពីម្សិលមិញ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០១៩ សម្ដេចបានទៅជួបសួរសុខទុក្ខចៅៗកុមារកំព្រា ដែលទទួលរងគ្រោះដោយការរំលោភបំពានរាងកាយនិងផ្លូវភេទយ៉ាងព្រៃផ្សៃតាមបែបតិរិច្ឆាន ជាពិសេសដែលបានប្រព្រឹត្តិឡើងដោយ ឪពុកបង្កើត, ជីតាបង្កើត, ពូមារបង្កើត និង បងប្អូនបង្កើត ដែលបានធ្វើអោយខ្ញុំបានត្រិះរិះគិតថា តើយើងគួរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកអោយមានការដាក់ទោសប្រហារជីវិតឡើងវិញឬទេ? សំណើកែប្រែរដ្ឋធម្មនុញអំពីការដាក់ទោសប្រហារជីវិត គឺមិនអាចស្នើដោយនាយករដ្ឋមន្រ្តីតែម្នាក់ឯង ឬដោយសមាជិករដ្ឋសភាបានឡើយ ប៉ុន្តែគឺអាចធ្វើបានតាមរយៈការសុំធ្វើប្រជាមតិនៅទូទាំងប្រទេសតែម្តង។

អស់រយៈពេល១យប់ នឹងមកដល់ថ្ងៃនេះ មានបងប្អូនជនរួមជាតិជាច្រើនបានចូលមកផ្តល់ជាមតិយោបល់ (Comments) នៅក្នុងហ្វេប៊ុគ (Facebook) ផ្លូវការរបស់ខ្ញុំ ភាគច្រើនបានគាំទ្រអោយមានទោសប្រហារជីវិតចំពោះករណីខាងលើ រួមជាមួយករណីរំលោភសម្លាប់ផងដែរ។ ទន្ទឹមនឹងនោះ ក៏មានការវិភាគលើបញ្ហានេះដោយក្រុមអ្នកវិភាគដូចជា លោក សុខ សំអឿន, លោក អ៊ូ វីរៈ និង លោក សុខ ទូច ដែលបានបញ្ជាក់ថា កម្ពុជាបានលុបចោលមិនអោយមានទោសប្រហារជីវិតជាយូរឆ្នាំមកហើយ។ ការដាក់ទោសប្រហារជីវិត ប្រសិនបើច្រឡំ ឬមានការថ្លោះធ្លោយណាមួយកើតឡើង គឺនឹងមានគ្រោះថ្នាក់ធំវិញទេ ហើយនឹងមានវិប្បដិសារីសោកស្តាយអស់មួយជីវិតមិនខាន។ ប៉ុន្តែត្រូវតែកំណត់ទោសទម្ងន់ទោសអោយបានធ្ងន់បំផុតចំពោះករណីខាងលើ។

តាមពិតទៅ កម្ពុជាយើងបានលុបចោល “ទោសប្រហារជីវិត” តាំងពីជំនាន់អតីរដ្ឋកម្ពុជា ដែលពេលនោះយើងបានផ្លាស់ប្តូរពី សាធារណៈប្រជាមានិតកម្ពុជាមកម៉្លេះ។

នៅពេលនេះ ប្រទេសជាតិយើងបានឆ្លងមកដល់បរិបទថ្មីហើយ គឺយើងមិនដើរថយក្រោយទេ។ ដូច្នេះ ខ្ញុំសូមសម្រេចមិនចាំបាច់ស្នើ អោយមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញទេ។ ប៉ុន្តែខ្ញុំសូមដាក់ចេញនូវវិធានការដូចខាងក្រោមៈ

១)បង្កើនការអប់រំ ដោយបញ្រ្ចាបគុណធម៍ សីលធម៍ កុំអោយពលរដ្ឋធ្វើ និងប្រព្រឹត្តិអំពើបាបតាមបែបតិរិច្ឆាន ដែលសង្គមទាំងមូលត្រូវតែចូលរួមទាំងអស់គ្នា។

២)ត្រូវតែពង្រឹងការអនុវត្តន៍ច្បាប់អោយបានតឹងរឹងនិងហ្មឺងម៉ាត់បំផុតចំពោះអំពើតិរិច្ឆាននេះ ដោយផ្តន្ទារទោសយ៉ាងធ្ងន់បំផុត ដើម្បីកាត់បន្ថយ នឹងឈានទៅដល់ការលុបបំបាត់ចោលទាំងស្រុងនៅនូវអំពើតាមបែបតិរិច្ឆាននេះពីសង្គមជាតិយើង។

សុំអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមផ្តល់ជាគំនិត មតិ យោបល់ល្អៗ ដើម្បីសង្គមជាតិកាន់តែរីកចម្រើប្រកបដោយសេចក្តីថ្លៃថ្នូរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post