header ads

Sponsor

ភ្នំពេញៈ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប បានទម្លាយរឿងសម្ងាត់របស់លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ចង់សើរើរចនាសម្ព័នបក្ស ដោយដាក់តែមនុស្សរបស់លោកប៉ុណ្ណោះ។

លោក ម៉ៅ មុន្នីវណ្ណ អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ បានលើកឡើងលើបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែមីនានេះ លោក សម រង្ស៊ី បានប្រកាសបោកប្រាស់អ្នកដែលមិនដឹងការពិតថា គាត់មកធ្វើជាប្រធានស្តីទីក្លែងក្លាយ ទាំងមិនមានការឯកភាពពីលោក កឹម សុខា និងដោយរំលោភលក្ខន្តិកៈបក្ស ពេលនេះគឺដើម្បីបង្រួបបង្រួម CNRP និងទំនាក់ទំនងអន្តរជាតិ ឲ្យដាក់សម្ពាធមកលើរដ្ឋាភិបាលបច្ចុប្បន្ន តើពិតទេ។

លោក ម៉ៅ មុន្នីវណ្ណ បានលើកឡើងទៀតថា លោក សម រង្ស៊ី ធ្វើនេះ មិនត្រឹមតែមិនអាចមកបង្រួបបង្រួមគណបក្សសង្គ្រោះជាតិ (CNRP) បានទេ ផ្ទុយទៅវិញអំពើរបស់គាត់ គឺបង្ហាញយ៉ាងច្បាស់ថា គាត់ចូលមកដឹកនាំនេះ ដើម្បីបំបែកបំបាក់ CNRP ព្រោះគាត់ធ្វើអ្វី សម្រេចអ្វីតែមនុស្សក្រុមខាងគាត់ ហើយគាត់មានផែនការសើរើរចនាសម្ពន័នៅក្រៅប្រទេសដាក់តែមនុស្សដែលគាំទ្រគាត់តែម្ខាង។

ជាមួយគ្នានោះដែរ អតីតមន្ត្រីបក្សប្រឆាំងរូបនេះ បានលើកឡើងថា អ្នកគាំទ្រលោក កឹម សុខា មិនទៅចូលរួមធ្វើជាមួយពួកគាត់ទេ។ គឺសម រង្ស៊ី ជាអ្នកបំបែកបក្សជាពីរបើគាត់ធ្វើដូច្នេះ។

+ការងារការទូត ទំនាក់ទំនងអន្តរជាតិវិញ មិនចាំបាច់មាន សម រង្ស៊ី ជាប្រធានស្តីទីក្លែងក្លាយទេ។ CNRP ដែលមានស្រាប់ទំនាក់ទំនងជាមួយអន្តរជាតិយ៉ាងមមាញឹកដោយប្រសិទ្ធិភាពរហូតគេយល់ច្បាស់ហើយ គេបាននិងកំពុងតែចាត់វិធានការ និងដំណើរការទៅហើយ។ ក្រៅពីយន្តការនេះ គណៈប្រតិភូបរទេសមកកម្ពុជា និងអ្នកការទូតគេតែងតែជួបជាមួយតំណាងលោក កឹម សុខា ដោយផ្ទាល់នៅកម្ពុជាទៀតផង។

សូមជម្រាបថា ការលើកឡើងរបស់អតីតមន្ត្រីបក្សប្រឆាំងនេះ បន្ទាប់ពីលោក សម រង្ស៊ី នៅតែអះអាងទៅកាន់អ្នកគាំទ្រជារឿយៗថា លោកនឹងលោក កឹម សុខា គឺជាមនុស្សតែមួយ។

យ៉ាងណាក្តី ក្រុមកឹម សុខានិយម បាននាំគ្នាលើកឡើងថា លោក សម រង្ស៊ី បានកំពុងតែលេងល្បែងនយោបាយយកលោក កឹម សុខា ទាក់ទាញប្រជាប្រិយ៍ ក្រោយពាក្យស្លោក “កឹម សុខា និងសម រង្ស៊ី គឺជាមនុស្សតែមួយ”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post