header ads

Sponsor

ភ្នំពេញៈ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់បី​ម្នាក់ ​ស្រវឹង​ជោក​ជាំ​ បើកបរ​ទៅមុខ​លែង​រួច​ ក៏​ឈប់ម៉ូតូ​កង់បី​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដេកលង់​លក់​ ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់ ​ធ្វើសកម្ម​ភាព​លួយ​ដោះ​យក​ខ្សែ​ដៃ​បាន​សម្រេច​តែ​រត់មិន​រួច ​ត្រូវបានប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យសមត្ថកិច្ច​ កាលពីវេលា​ម៉ោង​៤៖២០នាទី​ទៀប​ភ្លឺ​ ថ្ងៃទី​១២​ ខែមីនា​ ឆ្នាំ​២០១៩​ នៅត្រង់ចំណុច​ខាងលិច​អតិត​ករង្វង់មូល​កាំខូស៊ីតធី​ តាមបណ្តោយផ្លូវ​ឧកញ្ញ៉ា​ម៉ុងរិទ្ធី​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឬស្សីកែវ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ​ ងួន មករា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី Passapp ស្នាក់នៅផ្ទះជួលផ្លូវ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែ។ ចំណែកជនសង្ស័យឈ្មោះ វ៉ាន់​ សារុំ​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ មុខរបរ ​រត់ម៉តូឌុប​ ស្នាក់នៅផ្ទះជួល​សង្កាត់​បឹងទំពុន​ទី២​ ខណ្ឌមានជ័យ​ (គ្មានសារធាតុញៀន)។

បើតាមសម្តីពី​បុរស​ម្នាក់​ សូម​មិន​បញ្ចេញ​ឈ្មោះ​ដែល​ជា​អ្នក​បើក​រថយន្ត​សង្គ្រោះ​បន្ទាន់ ​របស់​គ្លីនិក​សម្ភព​ពន្លឺ​ បាន​រៀបរាប់​ប្រាប់ឲ្យដឹង​ថា ​នៅមុន​ពេលកើតហេតុ​ គាត់​ឃើញ​បុរស​រងគ្រោះ​ខាងលើ ​បើក​បរ​ម៉ូតូ​កង់បីឥណ្ឌា​មួយ​គ្រឿង​ ពណ៌ស​ គ្មាន​ស្លាក​លេខ​ តាម​បណ្ដោយ​ផ្លូវ​ឧកញ្ញ៉ា​ម៉ុងរិទ្ធី​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ ដោយ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ​។ លុះមកដល់ចំណុចកើតហេតុ ​បុរស​រងគ្រោះ​ក៏​បាន​ឈប់​ម៉ូតូ​កង់បី​អែប​ទៅ​ចិញ្ចើម​ផ្លូវ​ រួច​ក៏​ដេក​លង់​លក់​នៅ​លើ​ម៉ូតូ​កង់បី​នោះ​តែ​ម្តង​។ ហើយ​ប្រមាណកន្លះម៉ោង​ក្រោយ​មក ​ក៏ស្រាប់​តែ​មាន​ជនសង្ស័យ​ខាងលើ ​បាន​ជិះម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ហុងដាឌ្រីម​ ស៊េរី​០១៩​ ​ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ​ភ្នំពេញ ​1HI-3721 មកឈប់​ក្បែរ​ម៉ូតូ​កង់បី​របស់​ជនរងគ្រោះ​ រួច​ក៏​ធ្វើ​​សកម្មភាព​លួច​ដោះ​យក​ខ្សែ​ដៃ​ ផ្លាកទីន​១​ខ្សែ​ ដែល​មាន​តម្លៃ​ជិត​៥០០ដុល្លារ​ ពី​ដៃ​របស់​ជនរងគ្រោះ​បាន​សម្រេច​។ ភ្លាមៗ​នោះ​គាត់​ក៏​ធ្វើជា​ដើរ​ទៅសួរនាំ​ជនសង្ស័យ​ខាងលើ​ បណ្តាលឲ្យ​ជនសង្ស័យនេះ​ភ័យ​ស្លន់ស្លោ​ក៏​ព្យាយាម​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​ តែ​ក៏​ត្រូវ​បាន​គាត់​ស្រែក​ឆោឡោ​ និង​ចាប់​ឃាត់​យក​ខ្សែ​ដៃ​របស់​ជនរងគ្រោះ​បាន​មក​វិញ​ រួច​ក៏​ទាក់ទង​ហៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ឲ្យចុះមក​ជួយ​អន្តរាគមន៍​។​

សម្ភារៈដកហូត ខ្សែរដៃ១ខ្សែ លោហធាតុ ពណ៌លឿង ទំងន់៩ជី និងម៉ូតូមួយគ្រឿង ម៉ាក​ហុងដាសេ១២៥​ ស៊េរីឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ​ភ្នំពេញ​ 1HI-3721។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យខាងលើ​រួម​ទាំង​វត្ថុ​តាង​ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋាន​នាំ​យក​ទៅ​សាកសួរ​នាំ​នៅ​ឯ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ទួល​សង្កែ​ទី​២​ ដើម្បី​កសាងសំណុំ​រឿង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ឬស្សីកែវ​ រង់ចាំ​ចាត់ការបន្ត​ទៅតាម​នីតិវិធី​ច្បាប់​ជាបន្ត​ទៀត​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post