header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបញ្ជាក់ថា ការធ្វើកំណែទម្រង់សេដ្ឋកិច្ច មិនមែនមកពីហានិភ័យ នៃការកាត់ប្រព័ន្ធអនុ​គ្រោះពន្ធគ្រប់ប្រភេទពីសហភាពអឺរ៉ុប (EBA) និងប្រព័ន្ធអនុគ្រោះពន្ធទៅ (GSP) របស់សហរដ្ឋអាមេរិកនោះទេ។

សម្តេចតេជោថា ប៉ុន្តែការធ្វើកំណែទម្រង់នេះ ដើម្បីធានាទៅដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជា ធានាដល់ការប្រកួតប្រជែងទំនិញ នៅលើទីផ្សារអន្តរជាតិ ជាពិសេស ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពរឹងមាំបន្ថែមទៀត។

សហភាពអឺរ៉ុប (EU) បានចាប់ផ្តើមនីតិវិធីជាផ្លូវការ លើការផ្អាកជាបណ្តោះអាសន្ន ការអនុគ្រោះពន្ធលើទំនិញ គ្រប់ប្រភេទលើកលែងតែអាវុធ កាលពីថ្ងៃទី១៣ កុម្ភៈ មុននឹងអាចឈានទៅរកការព្យួ​រនៅខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញកម្ពុជា អនុវត្តមិនត្រឹមត្រូវទៅរកភាពល្អប្រសើរគ្រប់គ្រាន់ ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ មានប្រសាសន៍ថា ការដាក់ចេញជំរុញការអនុវត្តការធ្វើកំណែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងខណៈនេះ គឺមិនមែនមកពីបណ្ដាលហានិភ័យ EBA ពី EU នោះទេ ។

សម្ដេចបន្ដថា ហានិភ័យអាចដើរតួជាកត្តាជំរុញបន្ថែមឲ្យរាជរដ្ឋាភិបាល ខិតខំបង្កើតល្បឿន ការធ្វើកំណែទម្រង់របស់ខ្លួន។ ផ្ទុយទៅវិញគោលដៅធំរបស់កម្ពុជា គឺឆ្លើយតបទៅនឹងភាពចាំបាច់បង្កើនល្បឿនធ្វើកំណែទម្រង់ សំដៅពង្រឹងភាពប្រកួតប្រជែង និងពាណិជ្ជកម្មសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ធានាឲ្យកម្ពុជាអាចបន្ដទទួលបានកណើនសេដ្ឋកិច្ចខ្ពស់។

នាយករដ្ឋមន្រ្តី បន្ថែមថា រាជរដ្ឋាភិបាលមានក្ដីរំពឹងទុកលើការអនុវត្តដ៏ជោគជ័យ លើគោលនយោបាយ ជាយុទ្ធសាស្ត្រ និងវិធានការ ក្នុងការធ្វើកំណែទម្រង់មុតស្រួចនានារបស់រាជរដ្ឋាភិបាល ព្រមទាំងអនុញ្ញាតឲ្យកម្ពុជាឈានទៅដល់ចាប់យកសេដ្ឋកិច្ចថ្មីមួយទៀត ដែលពឹងផ្អែកទៅលើឧស្សាហកម្ម និងបច្ចេកវិទ្យា ដោយមានភាពជឿជាក់ផងដែរ។

បន្ថែមពីនេះ នាយករដ្ឋមន្ដ្រី ក៏លើកឡើងថា ជាលទ្ធផលនឹងជួយពង្រីងនូវលំហរឱកាសសេដ្ឋកិច្ច សម្រាប់ដើរតួអង្គពាក់ព័ន្ធ ជាពិសេសអនុញ្ញាតឲ្យកម្ពុជា អាចឈរដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទៅលើ EBA និងបណ្ដាប្រទេសផ្សេងៗទៀតឡើយ។

នាយករដ្ឋមន្ដ្រី បន្តថា កម្ពុជាអរគុណចំពោះជំនួយឧបត្ថម្ភពីសំណាក់ដៃគូ និងមិត្តភក្តិបរទេស ដែលរួមគ្នាជួយរហូតដល់កម្ពុជា រឹងដៃ រឹងជើង ដល់ពេលបច្ចុប្បន្ន។ បញ្ហាទាំងនេះ នាយករដ្ឋមន្ដ្រី បានអះអាងថា ចំពោះករណី EBA កម្ពុជា ក៏មានការយល់ដឹងយ៉ាងច្បាស់ ការផ្ដល់អនុគ្រោះពន្ធមិនមានលក្ខណៈអចិន្ត្រែយ៍ ព្រោះការផ្ដល់អនុគ្រោះពន្ធ នឹងត្រូវបញ្ចប់នៅពេលកម្ពុជា ចាកចេញផុតពីប្រទេសមានការអភិវឌ្ឍ និងមានជំហរយ៉ាងរឹងមាំសម្រាប់បន្ដដំណើរទៅមុខដោយខ្លួនឯង។

នាយករដ្ឋមន្ដ្រី បានថ្លែងថា ជាការពិត ប្រសិនបើកម្ពុជា អាចនៅបន្ដទទួលបានផលប្រយោជន៍ពីការអនុគ្រោះ ក្នុងធ្វើពាណិជ្ជកម្មជាមួយ EU តាមរយៈយុទ្ធនាការ EBA ក្នុងរយៈពេលប៉ុន្មានឆ្នាំតទៅមុខទៀត ក៏វាជាឱកាល្អប្រសើរទៀតដែរ

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ បានប្រកាសបន្ថែមថា កម្ពុជាមិនអាចយកអធិបតេយ្យភាពរបស់ប្រទេស ទៅដោះដូរជាប្រព័ន្ធអនុគ្រោះនោះទេ ព្រោះប្រព័ន្ធអនុគ្រោះ នឹងបាត់បង់នៅពេលសេដ្ឋកិច្ចកម្ពុជារឹងមាំហើយ ទោះបីជាមាន EBA ឬគ្មាន ក៏កម្ពុជានៅតែបន្តធ្វើដំណើរទៅមុខជានិច្ចតាមបំណងប្រាថ្នារបស់ខ្លួន។

សូមបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអឺរ៉ុបបង្កើតឡើងកាលពីឆ្នាំ២០០១ ដូច្នេះកម្ពុជាទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធកាលពីឆ្នាំ២០១២។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា បានរួចផុតពីកាតព្វកិច្ចពន្ធ ជិត៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។

ចំណែកជាមួយអាមេរិកវិញ កម្ពុជាទទួលបានពន្ធអនុគ្រោះ GSP ក្នុងឆ្នាំ១៩៩៧ ហើយបាននាំទំនិញ ក្រោមកម្មវិធីចូលអាមេរិក ចំនួន១៩៧លានដុល្លារ ត្រឹមឆ្នាំ២០១៦។ អាមេរិកបានសម្រេចពន្យារពន្ធអនុគ្រោះ GSP ដល់កម្ពុជា កាលពីខែមេសា ឆ្នាំ២០១៨៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post