header ads

Sponsor

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុន ធី នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនយុវតីឈ្នោះ យិន ឃុនម៉ី ហៅ ម៉ាណា អាយុ១៧ឆ្នាំ ជាបណ្ដោះអាសន្ន ដែលបើករថយន្តម៉ាក Range Rover ស៊េរីទំនើបទៅបុកនិស្សិតស្រីម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ក្រោមការចោទប្រកាន់ពីបទ បើកបរធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបើកការស៊ើបអង្កេតបន្ថែម។

យោងតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានកំណត់ឲ្យផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ នៅក្នុងកត្ថាខណ្ឌទី១។ ដោយឡែក កត្តាខណ្ឌទី២ បានកំណត់ឲ្យផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ។ នេះបើសិនតុលាការរកឃើញដូចការចោទប្រកាន់មែននោះ។

លោក យិន ង្គិច ជាឪពុក នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ បាននាំខ្លួនកូនស្រីទៅប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។ ភ្លាមៗបន្ទាប់ពីបញ្ចប់នីតិវិធីក្នុងការស៊ើបសួរ សមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យឈ្មោះ យិន ម៉ាណា ដែលជាតៃកុងរថយន្ត Range Rover ស្លាកលេខ ភ្នំពេញ 2AF-7777 បុកនិស្សិតឈ្មោះ ឌុំ រីដា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការចាត់ការតាមច្បាប់។

ពាក់ព័ន្ធករណីនេះ លោក សែម គន្ធា ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ អ្នកសារព័ត៌មានថា សំណុំរឿងខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញកសាង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។

គួរបញ្ជាក់ថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយឈ្មោះ យិន ម៉ាណា ដោយបានបើករថយន្តម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកជនរងគ្រោះឈ្មោះ ឌុំ រីដា ស្លាប់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក យិន ង្គិច ជាឪពុកជនបង្កបានព្យាយាមដោះស្រាយ និងទទួលខុសត្រូវ ដោយបានចូលបុណ្យសពជនរងគ្រោះចំនួន៥០០០ដុល្លារ។

បន្ទាប់ពីចូលបុណ្យសព លោក យិន ង្គិច បាននាំខ្លួនកូនស្រីទៅប្រគល់ជូនសមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់ និងទទួលខុសត្រូវចំពោះសំណងជំងឺចិត្តទៅគ្រួសារជនរងគ្រោះថែមទៀតផង។

ទោះជាយ៉ាងណា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ ត្រូវបានមហាជនរិះគន់ និងសម្តែងក្តីខឹងសម្បារ ហើយទទូចឲ្យមានការចាត់ផ្លូវច្បាប់លើជនបង្កឲ្យសាកសមនឹងកំហុស ដើម្បីទុកជាការព្រមានដល់អ្នកបើកបរដ៏ទៃទៀត។

សូមរំឭកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយឡាន Range Rover ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកលឿនទៅបុកជនរងគ្រោះ ដែលកំពុងជិះម៉ូតូគុបជ្រុងនៅចំណុចផ្លូវបំបែកជា៤ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយបង្កហេតុ តៃកុងរថយន្តបានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែសំណាងល្អដែលមានវិដេអូកាមេរ៉ាសុវត្ថិភាពបានថតជាប់ស្លាកលេខរថយន្តរហូតសមត្ថកិច្ចអាចកំណត់មុខសញ្ញាម្ចាស់រថយន្តខាងលើបាន។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ តាមប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា ក្រោយការសាកសួរយុវតី យិន ម៉ាណា ចប់សព្វគ្រប់នៅរសៀលថ្ងៃទី២៩ ខែមីនានេះ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបន្ទុកសំណុំរឿងក្ដីនេះ បានដម្រេចចោទប្រកាន់ យិន ម៉ាណា ពីបទបើកបរធ្វេសប្រហែសបណ្ដាលឲ្យស្លាប់អ្នកដទៃដោយអចេតនា តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។ បន្ទាប់មក រឿងក្ដីនេះ ត្រូវបានបញ្ជូនទៅឲ្យចៅក្រមស៊ើបសួរសម្រេចតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៩ ខែមីនានេះដែរ លោកស្រី ផាត់ ពៅ ជាម្ដាយតបស់សពកញ្ញា ឌុំ រីដា បានដាក់ពាក្យបណ្ដឹងទាមទារសំណងពីឈ្មោះ យិន ម៉ាណា ដែលជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post