
ភ្នំពេញៈ ដោយមានការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធាលោកស្រី កែវ សុគន្ធា កម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ មានកម្លាំងនគរបាលខណ្ឌមានជ័យ និងកម្លាំងប្រជាការពារជាច្រើននាក់ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងមានការចូលរួមពីលោក វរសេនីយ៍ត្រី គង់ សុវង្ស អធិការរងខណ្ឌមានជ័យ បានបើកការចុះបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែង ឃាត់ខ្លួនមនុស្ស៤នាក់។
ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេម៉ោង៣៖៤០នាទីរសៀលថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្សារក្រមួន(លូ៥) តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ជាលទ្ធិផល កម្លាំងចម្រុះ បានឃាត់ខ្លួនមនុស្សស្រីចំនួន ៤នាក់ ក្នុងនោះ ២នាក់ជាអ្នកកត់ និង២នាក់ ទៀតជាអ្នកចូលទៅចាក់ និងដកហូតលុយខ្មែរ ជិត២លានរៀល រួមទាំងក្រដាស់ឆ្នោតខុសច្បាប់ជាច្រើន រួមទាំងវត្ថុតាងមួយចំនួនធំទៀតផងដែរ។
ក្រោយការឃាត់ខ្លួនមនុស្សទាំង៤នាក់ និងវត្ថុតាង ត្រូវបញ្ជូនទៅធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣ ក្នុងនោះដែរ អ្នកដែលចូលទៅចាក់ឆ្នោត២នាក់ គឺត្រូវនគរបាលធ្វើការអប់រំណែនាំរួចអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ដោយឡែកស្ត្រី២នាក់ទៀតដែលជាអ្នកកត់ ត្រូវឃាត់ខ្លួនរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការ៕













