
កណ្ដាលៈ ផ្ទះរបស់មេបញ្ជាការរងប៉េអឹម នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំងម្នាក់ បានរងការឆាបឆេះអស់គ្មានសល់ដោយគ្រោះអគ្គិភ័យដ៏អាក្រក់ ខណៈពេលចេញទៅបំពេញការងារបាត់។ គ្រោះអគ្គិភ័យដ៏អាក្រកក់នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ស្ថិតក្នុងភូមិបឹងក្ដុល ឃុំកំពង់អូស ស្រុកពញាឮ ខេត្តកណ្ដាល។
សមត្ថកិច្ចឲ្យដឹងនៅថ្ងៃទី២៧ ខែមេសានេះថា គ្រោះអគ្គិភ័យនេះបានកើតឡើងនៅពេលដែលម្ចាស់ផ្ទះជាប្ដី(មន្ត្រីប៉េអឹម) ចេញទៅធ្វើការនៅខេត្តកំពង់ឆ្នាំង ហើយប្រពន្ធនៅមើលថែកូន និងលក់ដូរគ្រឿងទេសបន្តិចបន្តួចនៅផ្ទះ គ្រាន់ចិញ្ចឹមក្រពេះ។ ពេលនេះឆេះអស់គ្មានសល់អ្វីឡើយ។
បើតាមសមត្ថកិច្ច ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឡាច សុខន ជាមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ហើយផ្ទះឆេះមានទំហំ១៤ម៉ែត្រ គុណនឹង៩ម៉ែត្រ ធ្វើអំពីស៊ីមង់ត៍ក្រោម ឈើលើប្រក់ក្បឿង និងជញ្ជាំងក្ដារ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើ បង្កឡើងដោយសារឆ្លងចរន្តអគ្គិសនី ហើយបណ្ដាលឲ្យឆេះអស់ទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង តែមិនបណ្ដាលឲ្យរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬសត្វនោះឡើយ៕




