header ads

Sponsor

ភ្នំពេញៈ នៅវេលាម៉ោងប្រមាណ៧និង៣០នាទី យប់ថ្ងៃទី២ ខែមេសានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោក កើត ឆែ អភិបាលរង និងលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពការណ៍ចាក់ដីលុបដៃទន្លេបាសាក់ បន្ទាប់ពីប៉ុន្មានថ្ងៃកន្លងមកនេះ មានការរិះគន់យ៉ាងខ្លាំងក្លាពីអ្នកលេងបណ្តាញសង្គម Facebook និងមជ្ឈដ្ឋានមួយចំនួនទៀត ដែលមិនទាន់បានជ្រាបច្បាស់ ចំពោះការចាក់ដីលុបប្រឡាយទន្លេបាសាក់នេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកយកព័ត៌មាននៅទីតាំងកន្លែងចាក់ដីលុបនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានបំណងលុបដៃទន្លេបាសាក់ ដូចការរិះគន់របស់អ្នកលេងបណ្តាញសង្គម Facebook និងសារព័ត៌មានមួយចំនួននោះឡើយ។

លោកអភិបាលរូបនេះ បានគូសបញ្ជាក់ថា ការចាក់ដីលុបនេះ គឺជាការសាងសង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ ដែលហូរចូលទន្លេប៉ុណ្ណោះ ដោយសារតែដៃទន្លេបាសាក់នេះ ទទួលរងនូវការបង្ហូរទឹកកខ្វក់ ទឹកស្អុយពីអាគារខ្ពស់ៗ និងផ្ទះប្រជាពលរដ្ឋរស់នៅសងខាងដៃទន្លេនេះ។ ដូច្នេះដើម្បីការពារបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចធ្វើអាងចម្រោះទឹកស្អុយ ដោយបំពាក់នូវម៉ាស៊ីនបូមទឹកកខ្វក់នេះ ទម្លាក់ទៅប្រឡាយបង្ហូរទឹកបឹងត្របែក។

លោបានសង្កត់ធ្ងន់ថា «ការចាក់ដីនេះ គឺជាការសាងសង់អាងចម្រោះទឹកស្អុយ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនជាការចាក់លុបដីរបស់ឈ្មួញនោះទេ សូមប្រជាពលរដ្ឋកុំយល់ច្រឡំ»។

អភិបាលរាជធានីភ្នំពេញ បន្តទៀតថា ចំពោះការចាក់ដីលុបនេះ នៅពេលដែលការដ្ឋានសាងសង់ ស្ថាបនាអាងចម្រោះទឹកសម្អុយរួចរាល់នោះ នឹងកាយដីដែលបានចាក់ចេញវិញ ហើយគម្រោងនេះក៏មានសង់ច្រាំងទន្លេទប់ដី និងសង់ផ្លូវថ្មើជើងចាប់ពីកោះពេជ្រ រហូតដល់ស្ពានអាកាសក្បាលថ្នាល់ ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុងភ្នំពេញ ដែលមានអាគារសំណង់ខុនដូខ្ពស់ៗ នៅអមសងខាងដៃទន្លេ៕ ផ្ដល់សិទ្ធិដោយ campost

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post