header ads

Sponsor

សៀមរាបៈ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅលើផ្លូវ កាលពីវេលាម៉ោង២៖០៤នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចមុខវត្តស្វាយធំ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ដំបូងឡើយ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ ប៉ុន្តែពេលចុះធ្វើការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញថា ការស្លាប់របស់ជនរងគ្រោះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ តែវាជាអំពើឃាតកម្ម ដោយសារជនរងគ្រោះ ត្រូវបានឃាតកកាប់សម្លាប់ស្ទើរដាច់ក្បាលធ្លាក់ពីកទៅហើយ។ ឃាតកបានប្រើកាំបិតយ៉ាងមុតកាប់កញ្ចឹងកពីក្រោយស្ទើរតែដាច់ក្បាលធ្លាក់ពីស្មា។

ក្រោយស្រាវជ្រាវ សមត្ថកិច្ចរកឃើញអត្តសញ្ញាណជនរងគ្រោះឈ្មោះ ព្រឿន ចូរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិល្វាឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

គេនៅមិនទាន់ដឹងថា មុនពេលកើតហេតុតើជនរងគ្រោះមកពីណា ទៅណា ជាមួយនរណា បានជាត្រូវឃាតកសម្លាប់នៅតាមផ្លូវដូច្នេះទេ។

ករណីនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង សហការជាមួយក្រុមគ្រួសារជនរងគ្រោះ ដើម្បីស្រាវជ្រាវពីបុព្វហេតុនៃអំពើឃាតកម្មនេះ ដើម្បីនាំយកជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post