
ភ្នំពេញៈ យុវជនប្រុសស្រីមួយក្រុម បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS GS 300 ពាក់ស្លាកលេខ ភ្នំពេញ 2Z-1679 ឡើងខឿនចិញ្ចើមផ្លូវ ជ្រុលទៅបុកបារ៉ាសដែកដាក់ហាមឃាត់ និងបុករបងព្រះបរមរាជវាំង រងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នាវេលាម៉ោងជាង១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅតាមផ្លូវ២៤០ កែងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយមកគេឃើញប៉ូលិសយាមព្រះបរមរាជវាំង និងមានប៉ូលិសប៉ុស្តិ៍ជ័យជំនះ ចុះមកដល់ហើយក៏ឃើញយុវជនដែលជាអ្នកបើកបររថយន្តបង្កចេញពីរថយន្ត រួចដើរទៅនិយាយជាមួយប៉ូលិសនោះ ក្រោយមកមិនដឹងថាការដោះស្រាយសម្រួលគ្នាយ៉ាងម៉េចទេ ទើបយុវជនដែលជាអ្នកបើករថយន្ត ដើរមកកាន់រថយន្តវិញហើយសុំយករថយន្តចេញទៅ ដោយប្រាប់ថា រូបគេបានសម្រួលជាមួយសមត្ថកិច្ចរួចហើយ ក៏ឡើងបើករថយន្តថយក្រោយ រួចបើករថយន្តទាំងខ្ទេចកាងខាងមុខចេញពីកន្លែងកើតហេតុបាត់ទៅ។
ចំពោះករណីនេះ មហាជនហួសចិត្ត នឹងសមត្ថកិច្ចមូលដ្ឋានយ៉ាងខ្លាំង ទោះជាការខូចខាតបន្តិចបន្តួច និងមិនបង្កឲ្យនរណាម្នាក់គ្រោះថ្នាក់ក៏ដោយ មិនគួរណាមកសម្រួលគ្នាក្រៅច្បាប់ ហើយអនុញាតឲ្យយករថយន្តចេញទៅទទេៗបែបនេះ ដោយមិនមានការអប់រំណែនាំ អ្វីបន្តិចសោះឡើយ នេះជារបងព្រះបរមរាជវាំងរបស់ព្រះករុណា ព្រះមហាក្សត្រ នៃប្រទេសទាំងមូល ចង់បើកបុកតាមអំពើចិត្ត ហើយសម្រួលគ្នាបែបនេះដូចជាងាយពេកហើយ៕






