header ads

Sponsor

កំពង់ស្ពឺៈ មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួចមួយរូបបានរងនូវការរិះគន់ពីប្រជាពលរដ្ឋនិងអាជ្ញាធរភូមិ ឃុំ ថាអាងអំណាចខ្លួនជាមេបញ្ជាការងស្រុកភ្នំស្រួចមួយរូប បានចាក់ដីលុបរំលោភអូរធម្មជាតិរបស់រដ្ឋ ដែលជាចរន្តទឹកហូរដើម្បីប្រជាពលរដ្ឋប្រើប្រាស់យកមកធ្វើជាកម្មសិទ្ឋិរបស់ខ្លួនដោយគ្មានការខ្លាចញញើតច្បាប់បន្តិចណាសោះ។រហូតមកដល់ពេលនេះការចាក់ដីលុបរំលោភបំពានអូរនៅតែបន្តចាក់រហូតបានប្រមាណជា១០០ម៉ែត្រហើយបើទោះជាប្រធានគណបញ្ជាការឯកភាពស្រុកបានអោយជំនាញធនធានទឹកសាធារណការនិងលោកមេឃុំព្រមទាំងស្មៀនចុះទៅធ្វើកំណត់ហេតុផ្អាកការចាក់ដីនេះក៏ដោយនោះនៅតែគឃ្លើនដដែលៗ។

អូរធម្មជាតិរបស់រដ្ឋ ដែលលោកមេបញ្ជាការរងអាវុធហត្ថស្រុកភ្នំស្រួចលួច ចាក់ដីរំលោភលុបនេះអ្នកភូមិហៅថា(អូរព្រៃដើមលៀប)នៅចំណុចគីឡូរម៉ែត្រ ៥៨ជាប់ផ្លូវជាតិលេខ៤ខាងជើងស្ថិតនៅក្នុងភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមមន្ត្រីឃុំមហាសាំងនិយាយថាម្ចាស់គ្រឿងចក្រដែលចាក់ដីរំលោភលុបអូរនេះត្រូវបានដឹងថាជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនោះមានឈ្មោះម៉ែនភីរីណា អាយុជាង៣០ឆ្នាំ។

បើតាមលោកស្មៀនឃុំមហាសាំងលោកវឿនបានរៀបរាប់ថាកាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០១៩កន្លងទៅមេឃុំព្រមទាំងជំំនាញធនធានទឹកនិងសាធារណការក្រោមការបញ្ជាពីប្រធានគណបញ្ជាការឯកភាពស្រុកបានចុះទៅពិនិត្យការចុះរំលោភលុបអូរនៅចំណុចខាងលើពេលនោះក្រុមការងាររកឃើញថាការចាក់ដីនេះគឺពុំមានច្បាប់អនុញាតិនោះទេ ពេលនោះខាងជំនាញបានធ្វើការពន្យល់ណែនាំដល់ម្ចាស់ដីសុំអោយផ្អាកការចាក់ដីនេះរង់ចាំមានការអនុញាតិទើបចាក់បាន។

ក្នុងនាមលោកជាស្មៀនក៏បានកត់ត្រាតាមក្រុមការងារដើម្បីអោយម្ចាស់ផ្អាកការចាក់ដីនេះ ពេលនោះឈ្មោះរីណាក៏សន្យាថានឹងឈប់ចាក់ហើយលោកក៏ធ្វើរបាយការណ៍បញ្ជូនទៅស្រុកដើម្បីជ្រាបនិងសុំមតិយោបល់។

លោកឡុង ប៊ុនហៀង ជាមេឃុំមហាសាំងបានអោយអ្នកយកព័ត៌មានយើងដឹងតាមទូរសព្ទ័ថាលោកបានចុះទៅធ្វើការហាមឃាត់ម្ចាស់ដីនោះដែលប៉ុន្តែគេនៅតែបន្តលួចចាក់ដីនោះដដែល ការចាក់រំលោភលុបអូរនេះធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារណាស់នេះជារដូវប្រាំង គាត់បារម្ភខ្លាចដល់រដូវវស្សាច្បាស់ជាជន់លិចផ្ទះប្រជាពលរដ្ឋជាក់ជាមិនខានឡើយ។លោកបានបញ្ជាក់ថាលោកត្រឹមតែថ្នាក់ឃុំឃាត់មន្ត្រីអាវុធហត្ថរូបនោះមិនស្តាប់លោកបានធ្វើរបាយការណ៍ទៅលោកអភិបាលស្រុករួចរាល់ហើយ។

តែទោះជាមានការអោយផ្អាកក្តីក៏រហូតមកដល់ពេលនេះនៅថ្ងៃទី២៩ខែមីនាឆ្នាំ២០១៩ទៅហើយម្ចាស់ដីនៅតែបន្តចាក់ដីលុបអូរដដែលដោយគ្មានខ្លាចរអាខាងឃុំបន្តិចណាឡើយ។ពេលនេះខាងឃុំពិតណាស់ដោយសារតែខ្លាចអំណាចរបស់លោកម៉ែនភីរីណាគឺមិនហ៊ានទៅក្បែរកន្លែងគេចាក់ដីទៀតទេ។លោកមេឃុំបានបញ្ជាក់ថាតាមអ្វីដែលលោករីណាបានបញ្ជាក់គឺគេចាក់ដីលុបអូរផ្នែកខាងក្រោយមានបំណងអោយដីរបស់គេបានធំទូលាយហើយចង់កាយដីចំណីផ្លូវជាតិធ្វើអូរជំនួសវិញ។លោកស្មៀន បានបញ្ជាក់បន្ថែមថាក្រោយពេលចុះទៅធ្វើកំណត់ហេតុផ្អាកការចាក់ដីនោះលោកបានរងនូវការគំំរាមកំហែងដល់អាយុជីវិតពីជនម្នាក់ដែលជននោះត្រូវបានស្គាល់និងដឹងថាជាប្អូនរបស់លោកម៉ែនភីរីណាឈ្មោះម៉ែនភីវីឡា បន្ទាប់ពីរងនូវការគំរាមចំពោះអាយុជីវិតនេះរួចមកលោកបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុករួចហើយដើម្បីអោយលោកអធិការជួយរកយុត្តិធម៌និងបង្កាក្រែងលោកមានគ្រោះថ្នាក់ដល់អាយុជីវិតសូមអោយច្បាប់ចាត់ការបុគ្គលដែលគំរាមលោកនេះ។ទោះជាយ៉ាងនេះក្តីក៏លោកហាក់មិនសូវមានជំនឿថាលោកអធិការអាចរកយុត្តិធម៌ដល់លោកបានឡើយព្រោះថាលោកម៉ែនភីរីណានេះមានឱពុកក្មេកជាមន្ត្រីនគរបាលនៅស្រុកភ្នំស្រួចនេះទៀតផង។

មានការលើកឡើងពីសំណាក់មហាជនថាអូរដែលគេចាក់ដីលុបនេះគឺជាប្រភពទឹកស្រោចស្រពដែលហូរមកពីផ្នែកខាងលើមិនសូវដាច់នោះទេអូរនេះមានអាយុកាលច្រើនឆ្នាំមកហើយ នៅពេលដែលចាក់ដីលុបបែបនេះតើនៅពេលខែវស្សាដែលទឹកហូរជន់ជោរនោះត្រូវហូរទៅតាមណាបើគេចាក់ដីលុបបែបនេះ?កុំព្រោះតែផលប្រយោជន៍ខ្លួនធ្វើអោយប្រជាពលរដ្ឋជួបការលំបាក លោកក៏ជាមន្ត្រីរាជការសាធារណៈដែរគួរណាស់តែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លះផង។

ពាក់ព័ន្ឋករណីនេះអ្នកយកពត៌មានយើងមិនអាចសុំការពន្យល់ពីលោកម៉ែនភីរីណាបានទេ ដោយឡែកបើតាមមន្ត្រីអាវុធហត្ថមួយរូបដែលស្និតនឹងលោកម៉ែនភីរីណាបានលើកឡើងថា"តាមការពិតលោករីណាគាត់គ្រាន់តែចង់តំរង់អូរអោយត្រង់តែប៉ុណ្ណោះ"។

មានការរិះគន់ទៀតថាតើលោករីណាទៅរៀនជំនាញសុិយោដីពីពេលណា?ការចាក់ដីលុបអូរនេះស្មើនឹងលុបចេញពីផែនទីរដ្ឋបាល តើអាចទៅរួចដែរទេបើគាត់ធ្វើបែបនេះ?ឬមួយក៏អាងអំណាចខ្កួនជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកទើបហ៑ានលុបអូរចេញពីផែនទីរដ្ឋបាលស្រុកនិងខេត្តដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃក្រសួងដែនដីទៅកើត។

ពាក់ពន្ធ័និងរឿងលោកមេបញ្ជាការរងអាវុធហត្ថស្រុកភ្នំស្រួចរំលោភបំពានចាក់ដីលុបអូរធម្មជាតិរបស់រដ្ឋនេះដែរ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាននិយាយអោយដឹងថាលោកបានអោយមន្ត្រីចុះពិនិត្យហើយ គឺចាក់រំលោភមែនដីអូរនេះគឺដូចដីទំនប់ចាន់ថ្នាលអីចឹង គឺគ្មានអ្នកណាចេញប្លង់អោយឡើយ ហើយលោកបានរាយការណ៍ទៅឯកឧត្តមវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺរួចរាល់អស់ហើយ លោកនិងចុះទៅពិនិត្យក្នុងពេលឆាប់ៗខាងមុខនេះហើយបើរកឃើញថាពាក់ពន្ធ័ជាមួយដីធនធានទឹកត្រឹមណានោះលោកនិងអោយម្ចាស់កាយដីចេញភ្លាម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post