header ads

Sponsor

ភ្នំពេញៈ រថយន្ត Starex មួយគ្រឿង បិទ Logo ក្រុមហ៊ុនទូរទស្សន៍រស្មីហង្សមាស បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន បានទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្ដាលឲ្យម៉ាស៊ីនរថយន្តផ្នែកខាងមុខគៀបជើងអ្នកបើកបរ បាក់ជើងម្ខាង ត្រូវប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះយកចេញមកក្រៅ រួចទាក់ទងរថយន្តសង្គ្រោះបន្ទាន់អោយមកដឹកយកទៅសង្គ្រោះភ្លាមៗ នៅវេលាម៉ោង១២៖០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩នេះ ត្រង់ចំណុចស្តុបផ្លូវព្រះមុន្នីវង្ស កែងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសម្នាក់ បានបើករថយន្ត Starex មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-1654 បិទ Logo ក្រុមហ៊ុនទូរទស្សន៍រស្មីហង្សមាស ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿនដូចហោះ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បាក់អស់ចំនួន២កង់ និងបណ្ដាលឲ្យម៉ាស៊ីនរថយន្តផ្នែកខាងមុខ បុកផ្ទប់គៀបជាប់ជើងអ្នកបើកបរ បាក់ជើងម្ខាង ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាចូលទៅជួយសង្គ្រោះយកចេញមកក្រៅ រួចទាក់ទងរថយន្តសង្គ្រោះបន្ទាន់អោយមកដឹកយកទៅសង្គ្រោះភ្លាមៗ។ បន្តិចក្រោយមកឃើញមានរថយន្តគិលានសង្គ្រោះមួយគ្រឿង របស់គ្លីនិកឯកជន ហុង ហាក់ បានមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលបឹងកេងកងទី១ សហការជាមួយសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការនគរបាលខណ្ឌចំការមន ចុះមកពិនិត្យមើលជាក់ស្ដែង រួចរាយការណ៍បន្តប្រាប់ខាងសមត្ថកិច្ចជំនាញ ចុះមកវាស់វែង រួចស្ទូចយករថយន្តបង្កយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយ លើការខូចខាតទ្រព្យសម្បត្តិសារធារណៈតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post