header ads

Sponsor

ភ្នំពេញៈ ស្ត្រីម្នាក់ ទំនងស្រវឹងស្រា បើករថយន្តហាយប្រ៊ីដមួយគ្រឿង មិនគោរពភ្លើងស្តុប បានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ចំផ្នែកខាងមុខខាងស្តាំ បណ្តាលឲ្យ​កំពិតខូចខាតយ៉ាងដំណំ ហើ​យមិនព្រមឈប់ដោះស្រាយទេ បានព្យាយាមបើកគេចចេញពីកន្លែងកើ​តហេតុ  ត្រូវម្ចាស់ម៉ូតូកង់បី និងប្រជាពលរដ្ឋដេញតាមឃាត់បាន តែឈ្លោះប្រកែកគ្នាផ្អើលស្តុបផ្សារដើមគរ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន (ស្តុបទេពផន) តាមបណ្តោយផ្លូវ១៨២ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូកង់បី បានឲ្យដឹងថា មុនកើតហតុ រូបគាត់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HA-3707 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខាងលើស្តុបភ្លើងខៀវ ខណៈនោះក៏មានរថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-8189 បើកបរដោយស្ត្រីរូបស្រស់ម្នាក់ សង្ស័យស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូង ដោយមិនគោរពភ្លើងសញ្ញាចរាចរណ៍ស្តុប បានបុកចំម៉ូតូកង់បីខាងមុខផ្នែកខាងស្តាំ បណ្តាលឲ្យ​កំពិតផុងចូលក្នុងខូចខាតយ៉ាងដំណំ បន្ទាប់មករថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេ បានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានក្រុមអ្នកសារព័ត៌មាន និងម្ចាស់ម៉ូតូកង់បី រួមទាំងប្រជាពលរដ្ឋឃើញហេតុការណ៍នោះ បាននាំគ្នាជួយដេញតាមមកដល់ស្តុបផ្សារដើមគរ តាមបណ្តោយផ្លូវ៣៣៦ ទើ​បឃាត់បាន  ហើយភាគីទាំងសងខាង ឈ្លោះប្រកែកគ្នាឡើងផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង ទើបត្រូវគ្នាដោយខាងភាគីរថយន្តចេញសំណងទៅឲ្យភាគីម៉ូតូកង់បីចំនួន៦០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post