header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋានខណ្ឌដង្កោ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កោសជប់ម៉ាស្សា១ម៉ឺនរៀល មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះចំនួន២នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៩យប់នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៥៨៨ ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

នគរបាលបានអោយដឹងថា ស្រ្តីម្ចាស់ទីតាំងឈ្មោះ ជីង ថា ហៅអូន ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ៥៨៨ ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នគរបាល បានឲ្យដឹងទៀតថា ទីតាំងម៉ាស្សាកោសជប់ យីហោ កោសជប់ម៉ាស្សា១ម៉ឺនរៀល ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៧យប់ រហូតដល់យប់ជ្រៅរំលងអធ្រាត ដោយមាននារីក្មេងចំនួន២នាក់ រង់ចាំភ្ញៀវមកម៉ាស្សាធម្មតាតម្លៃ១ម៉ឺនរៀល រយៈពេល១ម៉ោង និងរួមភេទ តម្លៃចាប់ពី២៥ដុល្លារ ទៅ៣០ដុល្លារ ក្នុងមួយដង។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ក្នុងនោះនារីរងគ្រោះចំនួន២នាក់ អនីតិជនទាំង២នាក់ ស្រ្តីម្ចាស់ទីតាំងម្នាក់ និងដកហូតវត្ថុតាងរួមមាន៖ ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួន ថែមទាំងមានលុយដុល្លារក្លែងក្លាយមួយចំនួនផងដែរ បាននាំយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីបន្តការសាកសួរ។

សូមបញ្ជាក់ផងដែរថា ក្រោយបញ្ច​ប់ការសាកសួរ ស្រីម្ចាស់ទីតាំងត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង២នាក់នោះ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post