Wednesday, April 24, 2019

បញ្ជូនថៅកែឃ្លាំងរថយន្ត បង់រំលស់ បោកប្រាស់ឡើងតុលាការ បន្ទាប់ពីគ្មានប្រាក់សង អតិថិជនជាង៣លានដុល្លារ

ភ្នំពេញៈ ថៅកែឃ្លាំងរថយន្តបង់រំលោះដែលមានតែឈ្មោះ ធ្វើការរកស៊ីបោកប្រាស់អតិថិជនជាង១០០នាក់ អស់ទឹកប្រាក់ប្រមាណជាង៣លានដុល្លារអាមេរិកនោះ ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃបញ្ជូនមកតុលាការហើយនាព្រឹកថ្ងៃទី ២៤មេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីសមត្ថកិច្ចធ្វើការសមនរបសម្រួលអស់លទ្ធភាពដោយសារជនឆបោកនេះគ្មានប្រាក់សងអតិថិជនវិញ។

អតិថិជន ឬអាចហៅថាជាជនរងគ្រោះជាង១០០នាក់បានមកដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណីម្ចាស់ឃ្លាំងទិញ លក់ បង់រំលស់រថយន្តយីហោ សេង ហ៊ួត ឆបោករួចមក ពេលនៈថៅកែឃ្លាំងទិញ លក់ បង់រំលស់រថយន្តយីហោ សេង ហ៊ួតត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ឃាត់ខ្លួន និងទុករយៈពេល៤៨ម៉ោង ដើម្បីធ្វើការ ដោះស្រាយ ជាមួយអតិថិជន ពាក់ព័ន្ធករណីឆបោកលុយ ជាង៣លានដុល្លារ ដែលអតិថិជន ទិញរថយន្ត បង់រំលស់ ពីហាងលក់រថយន្តខាងលើនេះ។

ម្ចាស់ឃ្លាំងលក់រថយន្ត សេង ហ៊ួត ឈ្មោះ សេង សុភ័ក្រ មាន ទីតាំងនៅតាមបណ្ដោយ ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពជួលរថយន្តពីការ៉ាស់ផ្សេងៗ យកមកដាក់តាំងបន្លំភ្នែកអតិថិជន ធ្វើដូចជាការទិញលក់បង់រំលស់ជូនអតិថិជន លុះពេលអតិថិជនបង់លុយខ្លះក៏បង់គ្រប់ ខ្លះនៅខ្វះមួយចំនួនតូច បែរជាមិនបានទទួលរថយន្តដែលខ្លួនបហ់លុយនោះ ហើយឃ្លាំងក៏បិទទ្វារ ថៅកែបិទទូរស័ព្ទ លុយក៏បាត់បង់គ្មានអ្នកទទួលខុសត្រូវ ទើបម្នាក់ៗចែកផ្លូវគ្នាដើររកថៅកែបោកប្រាដនេះ ។

លុះនៅវេលាម៉ោង១១៖១០នាទី ថ្ងៃត្រង់ ទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅហាងម៉ាស្ទ័រ ស៊ូគីស៊ុប ទល់មុខកងរាជអាវុធហត្ថ លើ ផ្ទៃប្រទេស តាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ អតិថិជនដែលចាញ់បោកក៏បានប្រទះឃើញលោក សេង សុភ័ក្រ ថៅកែឃ្លាំង សេង ហ៊ួត នាំប្រពន្ធចូលហាងម៉ាស្ទ័រស៊ូគីស៊ុប ហ្គោល បាននាំខ្លួនព័ទ្ធចាប់ខ្លួនប្រគល់ឲ្យប៉ូលិសក្រសួងមហាផ្ទៃតែម្ដង។

នៅថ្ងៃនោះដែរ ប្រជាពលរដ្ឋរងគ្រោះប្រមាណជាង១០០នាក់ ដែលចាញ់បោកម្ចាស់ឃ្លាំង សេង ហួត នេះ បាននាំគ្នាតវ៉ានៅមុខក្រសួងមហាផ្ទៃ ដើម្បីឱ្យថ្នាក់ដឹកនាំ នៃក្រសួងដ៏មានអំណាចមួយនេះ ជួយដោះស្រាយពួកគាត់។

តាមប្រភពពីពលរដ្ឋ រងគ្រោះ បានប្រាប់ឲ្យដឹងថាលោក សេង សុភ័ក្រ មានការ៉ាស់លក់ទិញ និងបង់រំលស់រថយន្តយីហោ សេង ហ៊ួត ទីតាំងផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ បានបង់រំលស់រថយន្តសេរីទំនើបៗគ្រប់ប្រភេទជូនអតិថិជន ដែលសុទ្ធតែរថយន្តជួលពីការ៉ាស់ផ្សេងៗមកបន្លំភ្នែកអតិថិជន ដោយផ្អែកទៅលើថាឡានដែលអតិថិជនបង់រំលស់យកទៅប្រើប្រាសបានដាក់GPS ។ ដូច្នេះគេសូមអោយម្ចាស់រថយន្ត ដែលបង់រំលស់យកត GPS ជាថ្មីនៅការ៉ាស់របស់គាត់ ពេលពួកគាត់(ជនរងគ្រោះ) យកមកដល់ការ៉ាស់ ខាងការ៉ាស់បានបើករថយន្តទៅត GPS បាត់ ជាបន្តបន្ទាប់ អស់ជាច្រើនគ្រឿងរហូតមកដល់សព្វថ្ងៃមិនយករថយន្តត្រឡប់មកវិញទេ ទើបពួកគាត់សន្មត់ថាចាញ់បោកជនកំហូចនេះ ។

ប្រភពពីពលរដ្ឋរងគ្រោះម្នាក់ សូមមិនបញ្ចេញឈ្មោះ បានដឹងថា គាត់ក៏ត្រូវលោក សេង សុភ័ក្រ ឆបោកដែរ ដោយគាត់បានយករថយន្តព្រូស របស់គាត់មកដូរសេរី យកហាយឡែនឌ័រវិញ ដោយថែមលុយ ហើយចាំពីរទៅបីថ្ងៃ ទើបមកដល់ ប៉ុន្តែបាត់រហូតមកដល់ថ្ងៃនេះ។

ក្រោយពីប្រទះឃើញលោក សេង សុភ័ក្រ និងភរិយា នៅហាងម៉ាស្ទ័រ ស៊ូ គី ស៊ុប ក៏បាន តេ ហៅគ្នា ដែលជាជនរងគ្រោះទាំងអស់ មក ព័ទ្ធហាង ហើយអញ្ជើញលោក សេង សុភ័ក្រ ទៅ ក្រសួងមហាផ្ទៃ ដើម្បីធ្វើដោះស្រាយគ្នាតាមផ្លូវច្បាប់ ប៉ុន្តែជនប្រើល្បិចបោកនេះគ្មានប្រាក់សងអតិថិជនវិញទេ ទើបសមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនជនបោកប្រាដនេះមកតុលាការសម្រេចតាមច្បាប់ ។

ឥឡូវនេះតុលាការកំពង់ធ្វើការសាកសួរឈ្មោះសេង សុភ័ក្រ មុនពេលធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ ៕

Feature Ads