header ads

Sponsor

ភ្នំពេញៈ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខិតជិតចូលមកដល់ ក្រុមសង្គមងងឹតចេញរកស៊ីសារជាថ្មីហើយ ដូចជាករណី លួច ឆក់ ប្លន់ជាដើម ជាក់ស្ដែង ករណីវាយប្លន់ម៉ូតូ១គ្រឿងបានសម្រេច ពីយុវជនម្នាក់ ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានចេញអន្តរាគមន៍ឡើយ  ទាល់តែទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងទើបដឹងក្នុងមូលដ្ឋានមានបទល្មើសកើតឡើង។ ករណីវាយប្លន់នេះ កើតឡើងនៅវេលាម៉ោង១៖៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខបុរីពិភពថ្មី ជិតរង្វង់មូលនាងកាន់គួរស្រូវ ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ យ៉ាន់ ពៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបរ ស្នាក់នៅម្តុំជិតស្តុបទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រះម្លូ ឃុំព្រៃស្លឹក ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកម៉ូតូដែលក្រុមចោរប្លន់យកទៅបាត់ ម៉ាក Honda Dream សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1K-1211។

ប្រភពព័ត៌មានពីជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីម៉ោង១៖៤០នាទីរំលងអធ្រាត្រ ថ្ងៃកើតហេតុខាងលើ រូបគេបានជិះម៉ូតូ១គ្រឿងជារបស់ខ្លួន និងមិតភក្តិរួមដំណើរម៉ូតូ២គ្រឿងទៀត មានគ្នា៤នាក់ ចេញពីផឹកស៊ីនៅក្នុងបុរីពិភពថ្មី ចំការដូង ក្នុងគោលបំណងជូនមិត្តភក្តិទៅកន្លែងដេកនៅចំណុចជិតកន្លែងកើតហេតុខាងលើ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ខណៈមកដល់មុខរោងចក្រស្រាបៀរកម្ពុជា ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Honda ZOOMER -X (មិនចាំភិនភាគ និងមិនចាំស្លាកលេខ) ឌុបគ្នាបីនាក់ តាមមកពីក្រោយ ស្មានតែអ្នកដំណើរធម្មតា ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ ក៏ដេញវាយប្រដាប់ដោយខ្សែក្រវ៉ាត់ និងគប់ដុំថ្ម ហើយជនរងគ្រោះយកដៃរង ទើបត្រូវមួយដុំថ្ម បណ្ដាលឲ្យរងរបួសចេញឈាម រួចក៏ផ្តួលម៉ូតូដើម្បីគេចខ្លួន ទើបជាឱកាសល្អដល់ជនសង្ស័យ បានលើកយកម៉ូតូជនរងគ្រោះជិះចេញទៅបាត់ដោយសុវត្ថិភាពតែម្ដង ដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសឡើយ។

ក្រោយកើតហេតុ ទើបយុវជនរងគ្រោះទាក់ទងហៅឲ្យមិត្តភក្តិ មកដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ តាមតំណត់មុខសញ្ញាជនសង្ស័យ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post