header ads

Sponsor

សៀមរាបៈ ពលរដ្ឋដែលជាអតិថិជន បានផ្ទុះប្រតិកម្ម ហើយចោទថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ខេត្តសៀមរាប បានលេងប៉ាហ៊ីដាក់ពួកគាត់ តាមរបៀបដាក់ និងដកលុយ។ ការផ្ទុះប្រតិកម្មនេះ គឺបន្ទាប់ពីពលរដ្ឋខាងលើទៅដកលុយនៅគ្រឹះស្ថានហត្ថាកសិករ ហើយបានយកលុយនោះទៅដាក់បញ្ចូលកុងវិញ នៅក្នុងគ្រឹះស្ថានដដែល តែត្រូវបុគ្គលិកទីនោះ មិនទទួលយកលុយមួយចំនួនធំ។

ស្ត្រីឈ្មោះ ហេង ប៉ូលិន បានអោយដឹងថា កាលពីព្រឹកថ្ងៃទី៤ ខែមេសា រូបគាត់បានយកលុយ៤០០០ដុល្លារទៅដាក់បញ្ចូលក្នុងកុងរបស់គាត់ នៅគ្រឹះស្ថានហត្ថាកសិករ។ លុយនោះម្តាយមីងរបស់គាត់ បានខ្ចីពីគ្រឹះស្ថានហត្ថាកសិករ កាលពីថ្ងៃទី៣ ខែមេសា។ ប៉ុន្តែក៏​ត្រូវបានបុគ្គលិកនៅទីនោះ ពិនិត្យលុយហើយ មិនទទួលយកមួយចំនួយធំ ប្រហែលជិត ១០០០ ដុល្លារ ដោយប្រាប់ថា លុយចាស់ពេក។ ភ្លាមនោះរូបគាត់បានសួរទៅវិញថា ប្អូនលុយនេះ គឺជាលុយដែលយកចេញពីគ្រឹះស្ថានហត្ថាកសិករហ្នឹងតើ មេចក៏​ប្អូននិយាយបែបនេះ។ បើប្អូនយល់ថា លុយនឹងវាចាស់ពេក ចុះហេតុអីក៏​ខាងប្អូនមានលុយចាស់របៀបចឹង បើកអោយមកអតិថិជន បើមុនពេលទទួលយកពិនិ​ត្យល្អិតលល្អន់បែបនេះ។ ទោះនិយាយហេតុផលបែបណា ក៏​ខាងបុគ្គលិកទីនោះ នៅតែមិនទទួលយកលុយមួយចំនួននោះដដែល។ ស្រ្តីឈ្មោះ ប៉ូលិន បន្តថា អស់ជម្រើស រូបគាត់ក៏​យកលុយទាំងនោះ ចាកចេញ ហើយយកទៅសាកដាក់នៅធនាគារ  A.B.A បែរជា A.B.A ទទួលយក សល់តែជាង២០០ដុល្លារ។

ស្ត្រីខាងលើ អោយដឹងទៀតថា មូលហេតុ ដែលរូបគាត់យកលុយពីហត្ថាកសិករ ហើយយកទៅទុកនៅហត្ថាកសិករវិញ គឺរូបគាត់បានហ៊ុនគ្នាបង្កើតមុខរបរ ជាមួយស្ត្រីម្នាក់ទៀត។ ដោយដៃគូរបស់គាត់ខ្ចីលុយពីគ្រឹះស្ថានហត្ថាកសិករមកប្រគល់អោយគាត់។ តែដោយសារលុយដល់ទៅ៥ពាន់ដុល្លារ គាត់មិនហ៊ានទុកក្នុងខ្លួនច្រើន ក៏​យកបួនពាន់ទៅដាក់ក្នុងកុង ត្បិតរូបគាត់ក៏​ជាអតិថិជនគ្រឹះស្ថាននោះដែរ។ ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺលុយរបស់គេសោះ យកពីគេ ទៅអោយគេវិញ គេមិនទទួល ហើយបែរអ្នកផ្សេងហ៊ានទទួល។ នេះមិនខុសពីអ្វីដែលគេនិយាយថា (ក្បាច់ប៉ាហ៊ី)នោះឡើយ។ នេះបើធនាគារ ABA មិនទទួល ហើយយកទៅចាយគេមិនយក តើត្រូវធ្វើយ៉ាងណា បើការប្រាក់ ត្រូវសងពេញថ្លៃ។

ជុំវិញហេតុការណ៍ ដែលមិនធ្លាប់មាននេះ លោក កែវ ធីវុទ្ធ ប្រធានគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាខាខេត្តសៀមរាប បានថ្លែងតាមទូរស័​ព្ទនៅរសៀលថ្ងៃទី៤ ខែមេសា ថា រឿងនេះលោកនៅមិនទាន់បកស្រាយបានទេ ពីព្រោះត្រូវឆែករឿងអោយច្បាស់លាស់សិន។ លទ្ធផលយ៉ាងណានោះ លោកនឹងបកស្រាយជូនតាមក្រោយ។ ប៉ុន្តែឆ្លងកាត់ការរងចាំរយៈពីរថ្ងៃមកទល់ថ្ងៃទី៥ ខែមេសា លោកប្រធានគ្រប់គ្រង គ្រឹះស្ថានហត្ថាកសិករ នៅតែមិនឆ្លើយតបចំពោះព័ត៌​មានខាងលើនេះឡើយ។

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដែលរងការចោទថា មិនទទួលខុសត្រូវ ឬលេងប៉ាហ៊ីដាក់អតិថិជន រឿងលុយ មានទីតាំងស្របតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ ស្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានចម្ងាយប្រហែលជាង២០០ ម៉ែត្រខាងកើតផ្សារលើធំថ្មី៕ ផ្ដល់សិទ្ធិដោយ campost

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post