header ads

Sponsor

ភ្នំពេញៈ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាចលករជំរុញអោយប្រជាជនសេពគ្រឿងស្រវឹងយ៉ាងជោគជាំ និងប្រកបដោយគ្រោះថ្នាក់យ៉ាងស្រួចស្រាលបំផុត។ បន្ថែមពីការចំណា​យប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើការផ្សាយពាណិជកម្មគ្រឿងស្រវឹង ក្រុមហ៊ុនគ្រឿងស្រវឹងទាំងឡាយ កំពុងតែជះប្រាក់ដើម្បីអូសទាញយុវជន កុមារ ស្រ្តី ដ៏ដូចជាប្រជាជនទូទៅអោយសេពគ្រឿងស្រវឹងយ៉ាងងប់ងល់ តាមរយៈរង្វាន់គ្រាក់ៗជាសាច់ប្រាក់ ឡាន ម៉ូតូ សំបុត្រយន្តហោះ ដំណើរកម្សាន្ត រាប់រហូតដល់រង្វាន់ជាស្រាបៀរចាប់ពី១កំប៉ុងឡើងទៅ។

លោកវេជ្ជបណ្ឌិត​ មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានមានប្រសាសន៍ថា “ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលបង្កប់ដោយសារទាក់ទាញ និងផ្សារភ្ជាប់រង្វាន់យ៉ាងច្រើន គឺជាមូលហេតុចម្បងនាំអោយមានការសេពគ្រឿងស្រវឹងក្នុងចំណោមយុវជនប្រុសស្រីមានការកើនឡើងគួរអោយព្រួយបារម្ភ”។

តើហេតុអ្វីក្រុមហ៊ុនស្រាបៀរចំណាយលុយរាប់រយលានដុល្លារ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង? នៅពីក្រោយប្រាក់ចំណេញរាប់រយលានដុល្លារបស់ក្រុមហ៊ុនគ្រឿងស្រវឹង និងម្ចាស់ស្ថានីយទូរទស្សន៍ ដែលទទួលបានផលប្រយោជន៍ដ៏ធំធេងពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនោះ គឺជាសោកនាដកម្មរបស់ប្រជាជនខ្មែរ ដែលបានស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចររាចរណ៍ ដែលបង្កឡើងដោយការសេពគ្រឿងស្រវឹង។

របាយការណ៍ស្តីពីជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៤របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអោយដឹងថា កម្ពុជាខាតបង់ថវិកា ប្រមាណ៥០លានដុល្លារអាមេរិក ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ក្នុងនោះដែរ ប្រជាជនប្រមាណជា៣០០នាក់ បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីគ្រឿងស្រវឹងក្នុងឆ្នាំដដែលនេះ។

ប្រជាពលរដ្ឋកម្ពុជា៩៦%ស្នើរដ្ឋាភិបាលចាត់វិធានការមានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងគ្រឿងស្រវឹង(លទ្ធផលនៃការស្រាវជ្រាវអំពីការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជាឆ្នាំ២០១៤ ដោយសារកលវិទ្យាល័យភូមិន្ទភ្នំពេញ)។

នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជាមានប្រសាសន៍ថា “ប្រទេសកម្ពុជាគួរតែមានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិណាមួយ ដើម្បីកម្រិ​តការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង នេះ គឺជាការចង់បានរបស់ប្រជាជនកម្ពុជាដ៏ច្រើនលើសលប់”។

លោកមេធាវី កែវ សុខគា ប្រធានក្រុមមេធាវី SK&Pមានប្រសាសន៍ថា “សុខភាព គឺជាសិទ្ធិដែលផ្តល់នូវការគាំពារ និងការការពារដោយរដ្ឋធម្មនុញ្ញ ដែលគ្មានអ្វីអាចមករំលោភបំពានបាន។ រដ្ឋធម្មនុញ្ញកំណត់ថា សុខភាពរបស់ប្រជារាស្ត្រត្រូវរដ្ឋធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជំងឺ និងព្យាបាលជំងឺ(មាត្រា៧២)។ នេះជាច្បាប់កំពូលដែលត្រូវតែធ្វើតាម ហើយបើមិនទាន់មានច្បាប់ពិសេសដូចជាច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹងក្តី ក៏មិនត្រូវធ្វើសកម្មភាពឬអនុញ្ញាតឱ្យធ្វើសកម្មភាពផ្ទុយនឹងស្មារតីខាងលើ ដូចជាផ្សាយពាណិជ្ជកម្មនិងលើកស្ទួយគ្រឿងស្រវឹងដែរ ព្រោះការជម្រុញមនុស្សឱ្យ ប្រើគ្រឿងស្រវឹងជាការបំផ្លាញសុខភាពដោយធ្វើឱ្យមនុស្សមានជំងឺ ពិការភាព និងស្លាប់ តាមមធ្យោបាយជម្រុញលើកទឹកចិត្តដោយប្រយោល។

លោកបានបន្ថែមទៀតថា “ចំពោះកុមារ និងយុវជនវិញមានច្បាប់អន្តរជាតិដែលហៅថាអនុសញ្ញាស្តីពីសិទ្ធិកុមារដាក់កាតព្វកិច្ចឱ្យរដ្ឋការពារពួកគេពីព័ត៌មានមិនសមស្រប ឬព័ត៌មានណាដែលបន្ទុចបង្អាក់ឬរួមចំណែករារាំងដល់ការលូតលាស់ផ្នែកបញ្ញា ស្មារតី និងរូបរាងកាយពួកគេ” ៕ ផ្ដល់សិទ្ធិដោយ campost

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post