ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ដែលតែងតែពពាក់ពពូនគ្នា រង់ចាំឱកាសលួច ឆក់សម្ភារៈមានតម្លៃអ្នកដំណើរ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ១ ធ្វើការចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ បានសម្រេច ហើយគេចខ្លួនបាត់។
ហេតុការណ៍ឆក់នេះ កើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១២៖៣០នាទីយប់ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ វុធ ជា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ កែវ សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់រួមមាន ៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាកម៉ៃស៊ូ ពណ៌ខ្មៅលាយខៀវ និងដកហូតបានម៉ូតូ១គ្រឿងម៉ាក ជីអូណូ ពណ៌ស ស៊េរីចាស់គ្មានស្លាកលេខ។
សមត្ថកិច្ច បានឲ្យដឹងថា នៅយប់កើតហេតុ ជនរងគ្រោះបានជិះចេញមកពីធ្វើការជាមួយសង្សារនៅក្រុមហ៊ុនស៊ីមទូរស័ព្ទមិត្តហ្វូន នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជថានីភ្នំពេញ មកផ្ទះនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏ឈប់ចុះ ឲ្យសង្សារជិះម៉ូតូវិលត្រឡប់ទៅផ្ទះវិញ ហើយជនរងគ្រោះក៏និយាយទូរស័ព្ទ ដើរបម្រុងមកផ្ទះ ស្រាប់តែជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាក ជីអូណូ ពណ៌ស គ្មានស្លាកលេខ មកធ្វើសកម្មភាពឆក់យកទូរសព្ទរបស់ជនរងគ្រោះ បានសម្រេច គេចខ្លួនបាត់។ លុះដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ ប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូតាមផ្លូវ ក៏ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត។
ទោះជាបង្ក្រាបបានមែន តែទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលជាប្លុករបស់បក្ខពួក ក្រុមចាំឱកាសលួច ឆក់អ្នកដំណើរ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិស្ទឹងមានជយ័ សង្កាត់ស្ទឹងមានជយ័ទី១ ខណ្ឌមានជ័យ នៅតែបើកលេងដំណើរការទាំងយប់ទាំងថ្ងៃយ៉ាងរំភើយ នៅតែគ្មានការបង្ក្រាប ហើយចំពោះទីតាំងមួយនេះ សមត្ថកិច្ចធ្លាប់ចុះបិទម្ដងរួចមកហើយ តែម្ចាស់ទីតាំងមិនខ្លាចទេ បែរជាបើកឌឺសមត្ថកិច្ចវិញដដែល។
ប្រភពអោយដឹងថា ម្ចាស់ទីតាំងហ្គេមបាញ់ត្រីនេះ ឈ្មោះ ស្រូយ ហើយបើកជាយូរមកហើយ បុគ្គលនេះពុំមែនមានតែទីតាំងមួយកន្លែងនេះទេ គឺមានទីតាំងជាច្រើនទៀត ក្នុងខណ្ឌមានជ័យ តែសមត្ថកិច្ចខណ្ឌមានជ័យ មិនមានការចុះបង្ក្រាបនោះទេ ព្រោះម្ចាស់ទីតាំងនេះ មានឥទ្ធិពលខ្ពស់ជាងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យទៅទៀត ទើបរូបគេអាចបើកដំណើរការទីតាំងខុសច្បាប់របស់ខ្លួនបានយ៉ាងរលូនដូចនេះ ។
ប្រជាពលរដ្ឋស្នើសុំជំនួសសមត្ថកិច្ចខណ្ឌមានជ័យ ជាពិសេសខាងកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោក ប៊ុន សត្យា នាយការិយាល័យ មេត្តាជួយចុះបង្ក្រាប ហ្គេមបាញ់ត្រីទាំងនោះ អោយពួកគាត់ជាអ្នករស់នៅក្បែរនោះមានសេចក្ដីសុខផង៕
ផ្ដល់សិទ្ធិដោយ៖ campost.news