ភ្នំពេញៈ បុរសម្នាក់ ស្រវឹងជោកជាំ បើកបររថយន្ត LEXUS RX 330 មួយគ្រឿងយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកគូទរថយន្ត Highlander មួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យរងការខូចខាត មិនទទួលស្គាល់កំហុស ហើយដោះស្រាយគ្នាមិនត្រូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ កាលពីវេលាម៉ោង១០៖៥០នាទីយប់ ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងលើស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ បើកបររថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-7029 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត រួចក៏បានបើកឡើងលើស្ពានអាកាសផ្សារដីហុយ ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្កមួយគ្រឿងទៀត ម៉ាក LEXUS RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9299 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ បើកមកពីក្រោយក្នុងទិសដៅស្របទិសគ្នា ខណៈពេលនោះរថយន្តបង្ក ក៏ព្យាយាមបើកវ៉ាជែងខាងឆ្វេង ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកគូទរថយន្ត Highlander ខាងលើចំពីក្រោយចំហៀងខាងឆ្វេង រងការខាតបន្តិចបន្តួច។ ចំណែកឯរថយន្តបង្ករងការខូចខាតកាងផ្នែកខាងមុខចំហៀងខាងស្តាំប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។
ក្រោយមកក៏មានសម្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ តែពេលនោះបែរជាអ្នកបើកបររថយន្តបង្កដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែករូបនោះ មិនព្រមទទួលកំហុសរបស់ខ្លួន ដែលបើករថយន្តបង្កឲ្យកើតជាគ្រោះថ្នាក់ ប៉ះពាល់ដល់អ្នកដទៃនោះទេ។ បែរជានិយាយថាគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពីអ្នកបើករថយន្តរងគ្រោះ បើកបរចុចស៊ីផ្លេ និងបើកវ៉ាជែងនៅលើស្ពាន។ ហើយថែមទាំងចោទប្រកាន់ទៅលើកម្លាំងសមត្ថកិច្ច ដែលចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុថា លើក ទ័ពនាំគ្នាមកបំរុងកៀបស៊ីរូបគេទៅវិញ។
ក្រោយពេលកើតហេតុ ដោយភាគីទាំងពីរមិនអាចចរចាសម្របសម្រួលដោះស្រាយគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុបានទេ ទើបសមត្ថកិច្ចជំនាញ ក៏បានធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើដោះស្រាយគ្នាជាបន្តទៀត ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕